ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Hendrik Gezienus MULDER ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា ភីអិលស៊ី និងក្រុមការងារចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកHendrik Gezienus MULDER បានជម្រាបជូនលោកជំទាវ ពីស្ថានភាពប្រតិបត្តិការ របស់ធនាគារស្ថាបនា ស្ថានភាពគុណភាពឥណទាន និងផែនការយុទ្ធសាស្រ្តអាជីវកម្ម ព្រមទាំងបានលើកឡើងពីសុទិដ្ឋិនិយម ចំពោះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា។
លោកក៏បានបញ្ជាក់ពីគម្រោងពង្រីក ប្រតិបត្តិការហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត និងផែនការបង្កើតផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗ។
លោកជំទាវទេសាភិបាលបានស្វាគមន៍ ចំពោះគម្រោងពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្ត ឱ្យបង្កើនការគាំទ្រដល់សហគ្រាសធុនតូចនិងធម្យម(SMEs) ឱ្យបានកាន់តែទូលំទូលាយ និងបានណែនាំ ឱ្យបន្តពង្រឹងការអនុវត្តនិរន្តភាពអាជីវកម្ម និងគោលការណ៍គាំពារអតិថិជន ឱ្យបានកាន់តែប្រសើរថែមទៀត។
បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើង ពីយន្តការដំណោះស្រាយរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះវិស័យអចលនទ្រព្យ និងបានជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមសហការក្នុងយន្តការនេះ៕