ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅព្រឹកថ្ងៃពុធនេះ ខណៈមានការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក និងការរំពឹងទុកនៃការរំខានដល់ការផ្គត់ផ្គង់ ដោយសារតែការដាក់ទណ្ឌកម្មលើនាវាដឹកប្រេងរបស់រុស្ស៊ី ដែលបានជំរុញឱ្យតម្លៃប្រេងកើនឡើង។
តួយ៉ាង តម្លៃប្រេងឆៅ Brent បានកើនឡើង២សេនដល់៧៩,៩៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0205 GMT បន្ទាប់ពីបានធ្លាក់ចុះ១,៤ភាគរយ នៅក្នុងវគ្គជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។
ជាមួយគ្នានេះ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានកើនឡើង១២សេន ដល់៧៧,៦២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ១,៦ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ។
ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃប្រេងឆៅក្នុងការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញបានកើតឡើង បន្ទាប់ពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ទីផ្សារប្រេងនឹងរងសម្ពាធក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយសារការផ្គត់ផ្គង់លើសពីតម្រូវការ។
ទោះបីជាបែបនេះក្តី តម្លៃប្រេងឆៅបានកើនឡើងវិញតិចតួចនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍របស់វិទ្យាស្ថានប្រេងអាមេរិក(API) បង្ហាញថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះចំនួន២,៦លានបារ៉ែលក្នុងសប្តាហ៍មុន៕