ប្រតិភូAPASMEមកពីប្រទេសចំនួន៩ស្វែងយល់ពីឱកាសវិនិយោគ នៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក(APASME) អញ្ជើញដឹកនាំក្រុមហ៊ុនចំនួន៩ជាសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Kelvin MO ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក(The Asia Pacific Association Small and Medium Enterprises – APASME) អញ្ជើញដឹកនាំសហការី និងតំណាងក្រុមហ៊ុនចំនួន៩ដែលជាសមាជិកសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈជំនួបនាឱកាសនេះ លោកKelvin MO បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឱ្យរូបលោកដឹកនាំគណៈប្រតិភូ នៃសមាគមចូលជួបពិភាក្សា និងស្វែងយល់កាន់តែច្បាស់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ និងលក្ខខណ្ឌបទដ្ឋានគតិយុត្តនានា សម្រាប់កិច្ចវិនិយោគនៅកម្ពុជា ក្រោយគណៈប្រតិភូធ្លាប់បានចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងបេសកកម្មគោះទ្វារវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រី នៅប្រទេសកាណាដា កាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

លើកឡើងបន្ថែមពីនេះ លោកប្រធានសមាគមសន្យានឹងចូលរួមផ្សព្វផ្សាយឱ្យបានផុសផុល អំពីកាលានុវត្តភាពរបស់កម្ពុជា ក្នុងសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក។

សមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលជំរុញលើកកម្ពស់ភាពជាដៃគូលើវិស័យធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបេសកកម្មសម្របសម្រួល និងជំរុញការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជីវកម្មធុនតូច និងមធ្យម ជាមួយគ្រប់វិស័យពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here