ដំណឹងល្អៈ NBC អនុញ្ញត្តឲ្យធនាគារពាណិជ្ជផ្តល់សេវាកម្មទូទាត់ទ្រព្យសកម្មគ្រីបតូ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC) បាន​អនុញ្ញាត​ឲ្យ​ធនាគារ​ពាណិជ្ជ និង គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​​នៅ​កម្ពុជា​ ផ្ដល់​សេវា​ទ្រព្យសកម្ម​គ្រីបតូ (Crypto asset)ក្រុម១ ដែល​ជា​ប្រភេទ​គ្រីបតូ​មាន​ការ​ធានា ឬ​មាន​យន្តការ​ស្ថិរភាព។

ប៉ុន្តែ​គ្រីបតូ​ដែល​មិន​មាន​ការ​ធានា ដូចជា Bitcoin ដ៏​ពេញនិយម​ មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការ​អនុញ្ញាត​​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ប្រកាស​ស្ដី​ពី​ ប្រតិបត្តិការ​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សកម្ម​គ្រីបតូ ចុះ​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ធនាគារជាតិ ​នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ​នេះ ដែល​ប្រកាស​នេះ​ធ្វើ​ឡើង​ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ ​និង​អាជីវកម្ម​ពាក់​ព័ន្ធ​នឹង​រូបិយប័ណ្ណ​ឌីជីថល​នេះ។

គ្រីបតូ គឺជា​តម្លៃ​ឌីជីថលឬ​ជា​លុយ​ឌីជីថល​ ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ធនាគារ​កណ្ដាល​ ប៉ុន្តែជា​ប្រតិបត្តិការ​នៅ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឈ្មោះ​ថា blockchain និង​ជា​ការ​វិវត្ត​ចុងក្រោយ​នៃ​រូបិយប័ណ្ណ ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ប្រើប្រាស់។

ទ្រព្យសកម្ម​គ្រីបតូ​ អាច​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​ជួញដូរ ផ្ទេរ និង​ប្រើប្រាស់​សម្រាប់​ការ​ទូទាត់ វិនិយោគ​ទំនិញ និង​សេវា តាម​ប្រព័ន្ធ​ឌីជីថល។ ការ​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​លុយ​ឌីជីថល​នេះ ធ្វើ​ឡើង​ដើម្បី​ដើរ​ឲ្យ​ទាន់​ការ​វិវត្ត ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភព​លោក។

រាល់​ធនាគារ​ពាណិជ្ជ ដែល​មាន​បំណង​ធ្វើ​ប្រតិបត្តិការ​ ឬផ្ដល់​សេវា​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សកម្ម​គ្រីបតូ ក៏​ដូចជា ​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់ ​ត្រូវ​ស្នើ​សុំ​ធ្វើ​ប្រតិបត្តិការ និងផ្ដល់​សេវា​គ្រីបតូ​ណាមួយ ឬ​ច្រើន​ ទៅ​ធនាគារ​ជាតិ​ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នានា ​ដែល​មាន​ចែង​នៅ​ក្ន​ង​ប្រកាស​ដដែល។

គ្រឹះស្ថាន​ផ្ដល់​សេវា​ទ្រព្យសកម្ម​គ្រីបតូ អាច​ផ្ដល់​សេវា​នានា​ដូចជា ការ​ប្ដូរ​ទ្រព្យ​សកម្ម​គ្រីបតូ ​ទៅ​ជា​រូបិយវត្ថុ​ណា​មួយ ឬ​ប្ដូរ​ត្រឡប់​ពី​រូបិយវត្ថុ​ទៅ​ជា​ទ្រព្យសកម្ម​គ្រីបតូ ការ​ផ្ទេរ​ទ្រព្យ​សកម្ម​គ្រីបតូ ​ពី​អាខោន​មួយ​ទៅ​អាខោន​មួយ​ទៀត និង​ការ​រក្សា​ទុក​ទ្រព្យ​សកម្ម​គ្រីបតូ។

ប៉ុន្តែគ្រឹះស្ថាន​ទាំង​អស់ ​មិន​អាច​ដក​ទ្រព្យសកម្ម​របស់​អតិថិជន​របស់​ខ្លួន​ទៅ​ប្រើ​ប្រាស់​បាន​ទេ។

ចាប់​តាំង​ពី​ដើម​រៀង​មក កម្ពុជា​បាន​ហាម​ឃាត់​ការ​ធ្វើ​ប្រតិបត្តិការ​ ឬ ចរាចរ​រូបិយវត្ថុ​គ្រីបតូ ដោយ​មើល​ឃើញ​ពី​ហានិភ័យ​ខ្ពស់ ​ក្នុង​ការ​ប្រើប្រាស់​រូបិយវត្ថុ​បែប​នេះ ​សម្រាប់​សកម្មភាព​ខុស​ច្បាប់​របស់​ឧក្រិដ្ឋជន ដូចជា​ការ​សម្អាត​ប្រាក់ ការ​ឆបោក និង​សកម្មភាព​ក្នុង​ទីផ្សារ​ងងឹតផ្សេងៗ។

លោកបណ្ឌិតហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា រូបិយប័ណ្ណ​គ្រីបតូ​កំពុង​ពេញ​និយម​នៅ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។

ក្រៅ​ពី​ការ​ប្រើប្រាស់​សម្រាប់​ទូទាត់ គ្រីបតូ​​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួញដូរ​ ស្រដៀង​ទៅ​នឹង​ការ​លេង​ភាគ​ហ៊ុន​ផង​ដែរ ដោយសារ​តែ​តម្លៃ​របស់​វា​មាន​ការ​ប្រែប្រួល​លឿន ជា​ពិសេស​ប្រភេទ​គ្រីបតូ​ដែល​មិន​មាន​ការ​ធានា (unbacked)។

យ៉ាង​ណា​ក៏​ដោយ លោកហុង វណ្ណៈបានបញ្ជាក់​ថា “រូបិយវត្ថុ​គ្រីបតូ មិន​សូវ​ជា​មាន​គុណ​សម្បត្តិ​ច្រើន ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ទេ ដោយសារ​តែ​វា​ជា​ប្រព័ន្ធ​ឌីជីថល​ពិបាក​គ្រប់​គ្រង​ មិន​ដឹង​ម្ចាស់​នៅ​ទីណា ហើយ​ការ​បង់​ពន្ធ​ក៏​មាន​ការ​ពិបាក ប៉ុន្តែធនាគារ​ពាណិជ្ជ​ឬ​គ្រឹះ​ស្ថាន​ផ្ដល់​សេវា​ទ្រព្យ​សកម្ម​គ្រីបតូ អាច​ទទួល​កម្រៃ​ពី​អ្នក​ប្រើប្រាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here