ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) សម្រេចបានសន្ទុះវិជ្ជមាននៅក្នុងឆ្នាំនេះ ខណៈតម្រូវការរបស់អ្នកជួល និងការបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យបន្តស្ទុះងើបឡើងវិញ។
ទោះជាយ៉ាងណា ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាពិសេសគោលនយោបាយពាណិជ្ជកម្ម និងបទបញ្ញត្តិនានា បានជំរុញឱ្យទីផ្សារទូទាំងពិភពលោកប្រែប្រួលក្រឡាប់ចាក់។
ភាពមិនច្បាស់លាស់នេះត្រូវបានគេរំពឹងថា នឹងបង្អាក់ម៉ាសុីនកំណើនសេដ្ឋកិច្ចពិភពលោក ស្របពេលបណ្តាក្រុមហ៊ុននានាប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពប្រុងប្រយ័ត្នជាងមុន និងមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានបង្ហាញថា “សុខភាពសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាសុីប៉ាសុីហ្វិកកំពុងបង្ហាញពីភាពធន់ ដែលគាំទ្រដោយតម្រូវការក្នុងស្រុក និងមូលដ្ឋានគ្រឹះទីផ្សារយ៉ាងរឹងមាំ”។
ក្រុមហ៊ុន Cushman & Wakefield បានព្យាករណ៍ថា សកម្មភាពជួល និងការវិនិយោគក្នុងតំបន់អាចថយចុះក្នុងរយៈពេលខ្លី ដោយសារតែការពន្យារពេលក្នុងការសម្រេចចិត្ត ស្របពេលមានភាពមិនច្បាស់លាស់។ ប៉ុន្តែ និន្នាការប្រវត្តិសាស្ត្របានសរបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យក្នុងតំបន់តែងងើបឡើងវិញយ៉ាងឆាប់រហ័ស នៅពេលណាទំនុកចិត្តរបស់អ្នកវិនិយោគងើបឡើងវិញ និងលក្ខខណ្ឌសេដ្ឋកិច្ចមានស្ថិរភាព។
បើទោះបីជាបរិយាកាសសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមានហានិភ័យយ៉ាងណាក្តី ជាទូទៅ តម្លៃអចលនទ្រព្យត្រូវបានគេរំពឹងទុកថា នឹងនៅតែមានភាពធន់ និងអាចកើនឡើង នៅពេលណាដែលទំនុកចិត្តទីផ្សារមានភាពប្រសើរឡើង។
បើទោះបីជាស្ថានភាពទីផ្សារភាគហ៊ុនមិនជះផលប៉ះពាល់ដោយផ្ទាល់ដល់មូលដ្ឋានទីផ្សារអចលនទ្រព្យយ៉ាងណាក្តី ប៉ុន្តែនៅពេលទីផ្សារភាគហ៊ុនហក់ឡើងថ្លៃ នោះអ្នកវិនិយោគនឹងទទួលបានកំណើនទ្រព្យសម្បត្តិ និងចំណាយកាន់តែច្រើន។
ទោះជាយ៉ាងណាក្តី នៅពេលទីផ្សារភាគហ៊ុនដាំក្បាលចុះ នោះវាអាចបង្អាក់ទំនុកចិត្ត និងកាត់បន្ថយទ្រព្យសម្បត្តិរបស់បណ្តាអ្នកវិនិយោគ ដែលអាចរាលដាលដល់តម្រូវការអចលនទ្រព្យ។នេះមានន័យថា កត្តាទ្រព្យសម្បត្តិក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងទីផ្សារអចលនទ្រព្យ៕ប្រភព: Edgeprop៕