ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍ស្ថានភាពទីផ្សារការងារនៅសហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៣ភាគរយដល់៣២៥៧,៣៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៣៤ភាគរយដល់៣២៦៥,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៥,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៩,៩៨ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០០,២៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៣៥ភាគរយដល់៣២,៦២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៥ភាគរយដល់៩៨១,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,០៨ភាគរយដល់៩៥៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕