សភាពាណិជ្ជកម្ម​បោះឆ្នោត​ជ្រើសរើស​បង្រ្គប់​សមាជិក​ជ្រើស​តាំង​សភាពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ​

ដោយៈ ចំណាន

ភ្នំពេញៈ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំ “ពិធីបោះឆ្នោតជ្រើសរើសបង្រ្គប់ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ ជាមួយគ្នានេះផងដែរ ការបោះឆ្នោតមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញជាច្រើន ដើម្បីចូលរួមបោះឆ្នោតសម្រាប់ពិធីដ៏សំខាន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំពេញកន្លែងទំនេររបស់សមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានចំនួនសរុប៤០រូប ក្នុងការធានាបាននូវភាពពេញលេញនៃសមាសភាព និងប្រសិទ្ធភាពក្នុងការដឹកនាំ និងអនុវត្តការងាររបស់សភាពាណិជ្ជកម្ម ព្រមទាំងបន្តពង្រឹងការតំណាង និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាលទ្ធផល អង្គបោះឆ្នោតចំនួន៩០រូប ក្នុងចំណោម៩៣រូប បានចូលរួមបោះឆ្នោតគាំទ្រយ៉ាងលើសលប់ និងបានជ្រើសរើស សមាជិកជ្រើសតាំងថ្មីចំនួន៧រូប ដែលជាអ្នកជំនួញមានបទពិសោធន៍ សមត្ថភាព និងថាមពលក្នុងការចូលរួមចំណែកជំរុញវិស័យឯកជន រួមមាន៖
១. អ្នកឧកញ៉ា ជាម ឃុនណាត ២. អ្នកឧកញ៉ា តេង ហឿង ៣. អ្នកឧកញ៉ា អ៊ឹង លីហេង ៤. លោកជំទាវ ភឹម សំភ័ស ៥. អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ៦. អ្នកឧកញ៉ាបណ្ឌិតសំ សុខនឿន ៧.ឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។

ក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង៧រូប និងបានគូសបញ្ជាក់ថា សមាជិកថ្មីទាំងអស់សុទ្ធសឹងជាអ្នកជំនួញ ដែលមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ សហគ្រិន និងអ្នកជំនួញជំនាន់ថ្មី ក្នុងការនាំយកគំនិតថ្មីៗ បទពិសោធន៍ និងថាមពលថ្មីមកចូលរួម ក្នុងសកម្មភាពរបស់សភាពាណិជ្ជកម្ម ដើម្បីរួមចំណែកបន្តជំរុញបរិយាកាសធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា។

ការបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងថ្មីនាពេលនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹង អភិបាលកិច្ច ការចូលរួម និងភាពជាតំណា ងរបស់វិស័យឯកជន ក្នុងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងជួយបង្កើនសមត្ថភាពរបស់ស្ថាប័នក្នុងការបំពេញតួនាទីជាស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព។

សភាពាណិជ្ជកម្មរាជធានីភ្នំពេញ មានសមាជិកសំខាន់ៗចំនួន ៣ប្រភេទ រួមមាន សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា និងសមាជិកសាមញ្ញ។ សមាជិកទាំងអស់មានតួនាទីចូលរួមជំរុញ និងគាំទ្រដល់បេសកកម្មរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងកម្ពុជា ក្នុងការតំណាង និងការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងចូលរួមក្នុងការពិគ្រោះយោបល់ និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here