ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខជាមួយនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈផ្សារហ៊ុននៅប្រទេសកូរ៉េខាងត្បូង ទីក្រុងហុងកុង និងប្រទេសចិន បានផ្អាកការជួញដូរសម្រាប់ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម (Labor Day)។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន០,១៦ភាគរយ គិតត្រឹមម៉ោង១១:០៧នាទីព្រឹក។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៣ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,០៣៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានផ្អាកការជួញដូរ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,១២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានផ្អាកការជួញដូរ៕