ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈការងើបឡើងថ្លៃរបស់ប្រាក់ដុល្លារអាមេរិក និងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម បានធ្វើឱ្យការវិនិយោគមាសបាត់បង់នូវភាពទាក់ទាញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ១,៦៣ភាគរយដល់៣.២៣៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ២,៤ភាគរយដល់៣២៣៩,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៤,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,៨៤ពិន្ទុនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៤៧ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,២៨ភាគរយដល់៣២,១១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៥៦ភាគរយដល់៩៦៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០១ភាគរយដល់៩៣៤,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕