កម្ពុជា ចិនគាំទ្រគ្នាលើការរៀបចំប្រព័ន្ឋទូទាត់ហិរញ្ញវត្ថុដើម្បីសម្រួលទេសចរណ៍ និងលំហូរពាណិជ្ជកម្ម

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោកជំទាវ ទេសាភិបាល បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជា ជាមួយធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន  ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ ដោយប្រើប្រាស់រូបិយវត្ថុជាតិ នៃប្រទេសទាំងពីរ។

ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃ ក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើស ក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

លោកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។

លោកបានគាំទ្រ លើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់ រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ក្នុងវិស័យធនា​គារនិងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឱ្យកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here