ដោយៈម៉ាលីនណា
ភ្នំពេញៈ លោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការជំរុញ ការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា” រវាងសមាគមសណ្ឋាគារកម្ពុជា ជាមួយសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។
ពិធីចុះហត្ថលេខាកាលពីថ្ងៃទី១០ ធ្នូ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប ក្នុងគោលបំណងជំរុញការប្រើប្រាស់ ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។
ក្នុងពិធីនេះមានអនុស្សរណៈ នៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខា គឺ ១-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និង២-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារ នឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ២៥០តោន ក្នុងនោះ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់ សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ៕