ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពរបស់ឧស្សាហកម្មម្ហូបអាហារ នៅកម្ពុជា ជាពិសេស វានឹងជួយលើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ និងដើម្បីឱ្យកម្ពុជាឈានមុខ នៅក្នុងវិស័យកែច្នៃម្ហូបអាហារប្រកបដោយនិរន្តភាព។
ការដាក់ឱ្យដំណើការនៃមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ដែលជាសមិទ្ធផលនៃថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) ដែលបង្កើតឡើងដោយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)។
មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយផ្តល់នូវដំណោះស្រាយទំនើបៗ ឱ្យបានសមស្របទៅតាមតម្រូវការ របស់សហគ្រាសក្នុងស្រុក និងការបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីបំពាក់បំប៉នជំនាញ ដែលចាំបាច់សម្រាប់ការវេចខ្ចប់ផលិតផលម្ហូបអាហារ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ដំណើរការដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមិនត្រឹមតែដើរតួនាទី ជាមជ្ឈមណ្ឌលបណ្តុំសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់និស្សិតនិងអ្នកស្រាវជ្រាវ រៀនសូត្រ ដកពិសោធន៍និងផ្សារភ្ជាប់រវាងគម្លាតចំណេះដឹងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង។
លោកបណ្ឌិតសេតធី ស៊ីថារ៉ាម៉ា ថមបាធូប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO នៃគម្រោង CAPFISH-Capture ដែលអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) និងអង្គការ UNIDO បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា គឺជាការឆ្លើយតបជាយុទ្ធសាស្រ្ត ចំពោះបញ្ហាប្រឈមខាងលើ ផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលនឹងលើកកម្ពស់ភាពប្រកួតប្រជែង និងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក។
បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បានមានប្រសាសន៍បន្ថែមថា “មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជានេះ នឹងក្លាយទៅជាធនធានគម្រូ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់វិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារកម្ពុជា ទាំងនៅទីផ្សារក្នុងស្រុកនិងពិភពលោក”។
លោកសាស្ត្រាចារ្យ បណ្ឌិតង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានលើកឡើងថា បន្ថែមពីលើការផ្តល់គាំទ្រដល់សហគ្រាសក្នុងស្រុក មជ្ឈមណ្ឌលនឹងផ្តល់ឱកាសសិក្សាស្រាវជ្រាវបានកាន់តែប្រសើរ ដល់និស្សិតនិងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផងដែរ។
យោងតាម UNIDOបានឲ្យដឹងថា មជ្ឈមណ្ឌលនេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង តាមរយៈកិច្ចសហការជាមួយស្ថាប័នជំនាញផ្នែកវេចខ្ចប់អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបនិងអង្គការវេចខ្ចប់ពិភពលោក (WPO) ដើម្បីជួយអភិវឌ្ឍន៍ជំនាញវេចខ្ចប់ នៅក្នុងវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា៕









