ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរបបរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ត្រូវបានទាញទម្លាក់ដោយក្រុមឧទ្ទាមបះបោរ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេនដល់៧១,៣៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0140 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានកើនឡើង២២សេនដូចគ្នាដល់៦៧,៤២ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះជាង២,៥% ហើយតម្លៃប្រេងឆៅ WTI បានធ្លាក់ចុះ១,២%កាលពីសប្តាហ៍មុន ក្រោយពេលដែលក្រុមអ្នកវិភាគបានព្យាករណ៍អំពីអតិរេកនៃការផ្គត់ផ្គង់ប្រេងនៅឆ្នាំ២០២៥ ស្របពេលតម្រូវការប្រេងឥន្ធនៈសកលធ្លាក់ចុះ។
ទន្ទឹមនឹងនេះ ក្រុមឧទ្ទាមស៊ីរីបានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យថា ពួកគេបានបណ្តេញលោកប្រធានាធិបតី al-Assad ចេញពីអំណាច ដោយលុបបំបាត់របបដឹកនាំបែបគ្រួសារនិយមរយៈពេល៥០ឆ្នាំក្នុងប្រទេសសុីរី។
ការណ៍នេះបានបង្កើនការភ័យខ្លាចចំពោះកត្តាអស្ថិរភាពថ្មីនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងផ្ទុះសង្រ្គាមស្រាប់៕