ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលការណ៍ណែនា ស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាខាងលើនេះ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើការពិនិត្យ និងប្រមូលធាតុចូល ក៏ដូចជាមតិយោបល់ថ្មីៗបន្ថែមទៀត ពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ដើម្បីធ្វើការកែលម្អ និងបំពេញបន្ថែម សំដៅធានាឱ្យការរៀបចំ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្ម ផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន” កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាននាពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា លោកជំទាវរដ្ឋលេខាធិកាប្រចាំការ បានគូសបញ្ជាក់ថា គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាយន្តការរួមក្នុងការតម្រង់ទិស និងជំរុញប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចទាំងឡាយ ដូចមានកំណត់នៅក្នុងផែនការសកម្មភាពអាទិភាព ដែលអង្គភាពក្រោមឱវាទក្រសួងបានដាក់ចេញ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញ អំពីការទទួលខុសត្រូវ ក្របខ័ណ្ឌពេលវេលា និងវឌ្ឍនភាព ក៏ដូចជា លទ្ធផលនៃការអនុវត្តផែនការសកម្មភាពអាទិភាពទាំងនោះ។
សិក្ខាសាលានេះ ត្រូវបានរៀបចំដោយអនុលោមតាមខ្លឹមសារណែនាំ ដូចមានកំណត់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ដែលត្រូវបានសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីអនុម័តជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕