ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារសកម្មភាពរោងចក្រនៅក្នុងប្រទេសចិនកើនឡើង និងខណៈដែលអុីស្រាអែលបានបន្តការវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក្តី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨សេនដល់៧១,៩២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0107 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៩សេនដល់៦៨,០៩ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅបានកើនឡើងបន្ទាប់ពីការស្ទង់មតិផ្លូវការមួយបង្ហាញថា សកម្មភាពរោងចក្ររបស់ប្រទេសចិនបានកើនឡើងតិចតួចរយៈពេល២ខែជាប់គ្នាគិតត្រឹមខែវិច្ឆិកាកន្លងទៅ។ នេះជាសញ្ញាបង្ហាញថា វិធានការជំរុញសេដ្ឋកិច្ចថ្មីៗចុងក្រោយរបស់ទីក្រុងប៉េកាំងកំពុងជះឥទ្ធិពលសន្សឹមៗលើតម្រូវការប្រេងឥន្ធនៈ។
បទឈប់បាញ់រវាងអុីស្រាអែល និងលីបង់បានចូលជាធរមានកាលពីថ្ងៃពុធសប្តាហ៍មុន។ ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់នេះ។
ក្រសួងសុខាភិបាលលីបង់បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើននាក់បានរងរបួសក្នុងការវាយប្រហាររបស់អុីស្រាអែលចំនួនពីរលើកនៅភាគខាងត្បូងនៃប្រទេសលីបង់៕