ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានពិភាក្សាការងារជាមួយគណៈប្រតិភូចិនមកពីខេត្ត Zhejiang ដឹកនាំដោយលោក Yang Yaming ជាប្រធាននៃសារមន្ទីរសិល្បៈសេរ៉ាមិចទំនើប ខេត្តZhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ព្រមទាំងមានការចូលរួម ពីអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid. ចូលរួមផងដែរ។
ជំនួបខាងលើនេះ មានគោលបំណង ដើម្បីពិភាក្សាអំពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនី ដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។
ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើន ដូចជា ថាមពលអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។
លោកសួន សុផល បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគ ក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ ដូចជា ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។
លើសពីនេះទៀតបានជំរុញលើកទឹកចិត្ត ក្រុមហ៊ុនឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។
លោក Yang Yaming ប្រធានគណៈប្រតិភូបាន បានធ្វើបទឧទ្ទេសនាមខ្លី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការ នៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
លោកសួន សុផលបានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅវិនិយោគិនចិនបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាបន្ថែមទទៀត៕