ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរតម្លៃប្រេងឆៅបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីហានិភ័យនៃការផ្គត់ផ្គង់បានកម្រើកឡើងវិញ ខណៈអុីស្រាអែល និងក្រុមហេសបូឡាបានចោទប្រកាន់គ្នាអំពីការរំលោភបទឈប់បាញ់។
តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានធ្លាក់ចុះ៧សេន ឬ០,១ភាគរយមកនៅត្រឹម៧៣,២១ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0232 GMT។
ផ្ទុយទៅវិញ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures បានកើនឡើង៣៨សេន ឬ០,៥៥ភាគរយដល់៦៩,១០ដុល្លារក្នុងមួយបារ៉ែលបើធៀបនឹងតម្លៃបិទកាលពីថ្ងៃពុធ។
ភាគីខាងអុីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការរំលោភលើបទឈប់បាញ់របស់ពួកគេ ដែលបានចូលជាធរមាននៅថ្ងៃពុធ។
ជាមួយគ្នានេះ ស្ថាប័ន OPEC+ ដែលជាអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ី បានសម្រេចពន្យារពេលកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនដល់ថ្ងៃទី៥ ខែធ្នូ។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងប្រកាសពីការបន្តកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC+ បន្ថែមទៀត៕