សម្តេចធិបតីបញ្ជាក់ពីសមិទ្ឋផលសំខាន់មួយនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ

ដោយៈ និស្ស័យ

       បន្ទាយមានជ័យៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់ គោលនយោបាយឈ្នះ ឈ្នះ ចំនួន២ដងនៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង២០ម្ភៃឆ្នាំ។

ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះ ឈ្នះ” នៅព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ សម្តេច​បវរ​ធិបតី​ បានលើកឡើង​ថា ការអភិវឌ្ឍ​នៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម​ ហើយយើងនឹង​បន្ត​អភិវឌ្ឍតំបន់នេះបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២ ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។

“នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាព ​ពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា”។

សន្តិភាព ទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជា​ការ​លំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកើតឡើងបាន​យ៉ាងឆាប់រហ័ស​ និងផុយស្រួយណាស់​ តាមរយៈ​ការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់រាជរដ្ឋាភិបាល ដែលឈានទៅ​បង្កើត​ការ​តវ៉ា​ផ្សេងៗ​។

ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬរំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់​ថា ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ​នូវ​គោលនយោបាយ​ផ្តល់ដីសម្បទាន​សង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះ​ដី​ពិតប្រាកដ​ ហើយប្រជាពលរដ្ឋ ដែលខ្វះ​ដី​ពិតប្រាកដ​ អាចស្នើសុំ​ មករាជ​រាជរដ្ឋាភិបាល​។

សម្តេច​បវរ​ធិបតី​ក៏បាន​អំពាវនាវ ដល់ប្រជាពលរដ្ឋកុំប្រើប្រាស់មធ្យោបាយ ក្នុងការធ្វើសកម្មភាព​ប្រឆាំងរាជរដ្ឋាភិបាល​តាមការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅធ្វើសកម្មភាពខុសច្បាប់ហើយ សូមបងប្អូនប្រជាពលរដ្ឋ រក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នាជាមួយរាជ​រដ្ឋាភិបាល ​ក្នុងការការពារទឹកដី និងមិនចូលរួមជាមួយ​ក្រុមជ្រុលនិយមគ្រប់រូបភាព ក្នុងការ​ធ្វើ​សកម្មភាពប្រឆាំ​ងរាជរដ្ឋាភិបាល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here