ដោយ: គង់ លាងហួរ
ម៉ានីល: ប្រទេសហ្វីលីពីន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជា នៅឆ្នាំក្រោយ ដែលនឹងលុបបំបាត់ការយកពន្ធត្រួតគ្នា ខណៈទីក្រុងម៉ានីល ក៏បានបើកការចរចារនេះជាមួយដៃគូផ្សេងទៀត ក្នុងតំបន់អាស៊ាន ក្នុងគោលបំណងបន្ធូរបន្ថយបន្ទុកពន្ធរបស់អ្នកនាំចេញ។
ក្រសួងហិរញ្ញវត្ថុហ្វីលីពីន (DOF) បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការនេះ នឹងបង្កើនការប្រកួតប្រជែងផលិតផលហ្វីលីពីន នៅក្នុងទីផ្សារកម្ពុជា។
ដើមឡើយ កិច្ចព្រមព្រៀងស្តីពី ការលុបចោលការយកពន្ធត្រួតគ្នា (DTA) នេះគ្រោងនឹងចុះហត្ថលេខា នៅខែតុលាឆ្នាំនេះ។ ប៉ុន្តែ កាលបរិច្ឆេទត្រូវបានពន្យារពេល បន្ទាប់ពីភាគីកម្ពុជាបានស្នើសុំឱ្យកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា នៅខែកុម្ភៈឆ្នាំក្រោយជំនួសវិញ។
លោក Charlito Mendoza អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានលើកឡើងថា “កិច្ចព្រមព្រៀងទាំងនេះ ការពារសិទ្ធិពន្ធរបស់យើង និងជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន”។
លោកបន្តថា “ការពង្រីកបណ្តាញDTAរបស់យើង ជាពិសេ សនៅក្នុងតំបន់អាស៊ាន នឹងអនុញ្ញាតឱ្យក្រុមហ៊ុនហ្វីលីពីនអាចធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ ជាមួយនឹងបន្ទុកពន្ធតិចជាងមុន និងជំរុញការប្រកួតប្រជែងរបស់ពួកគេ នៅក្នុងទីផ្សារបរទេស”។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ភាគីកម្ពុជា និងហ្វីលីពីន បានព្រមព្រៀងគ្នាកាត់បន្ថយបន្ទុក នៃការយកពន្ធត្រួតគ្នាលើបុគ្គល និងអាជីវកម្ម ដែលធ្វើប្រតិបត្តិការឆ្លងដែន ដើម្បីអាចរួមចំណែក ដល់ការលុបបំបាត់របាំងពាណិជ្ជកម្ម ការវិនិយោគ និងការលើកទឹកចិត្ត ដល់សកម្មភាពសេដ្ឋកិច្ចឆ្លងដែន។
កិច្ចព្រមព្រៀង ដែលគ្រោងចុះហត្ថលេខា នៅឆ្នាំ២០២៥ខាងមុខនេះរួមបញ្ចូល នូវការយកពន្ធលើប្រាក់ចំណូល ដែលពលរដ្ឋ និងនិវេសនកជនហ្វីលីពីន និងកម្ពុជាទទួលបាន ហើ យរៀបរាប់ពីរបៀប ដែលរដ្ឋបាលពន្ធ របស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទាន ដែលបានបង់ស្របតាមច្បាប់ចំណូ លនៅក្នុងប្រទេសទាំងពីរ។
ការចរចាលើកិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយត្រូវបានបន្តរហូតដល់ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ប្រភព: Inquirer.net៕