កម្ពុជា ឡាវ វៀតណាមនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាមបានសន្យាជម្រុញការពង្រឹង និងពង្រីកកិច្ចសហការលើ​វិស័យការពារជាតិ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម  ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ “ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ បាក់រលំអគារ” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ផងដែរ។

ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិ​បត្តិការល្អ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃក្រសួងការពារប្រទេសឡាវ និងវៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការផ្សះផ្សាជាតិ ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅកម្ពុជា។

លោករដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រសួងការ​ពារជាតិកម្ពុជា តាមរយៈការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ដើ​ម្បីសង្គ្រោះគ្រោះមហន្តរាយ ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការរីករា​យ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបានអបអរសាទរចំពោះជោគជ័យ នៃការរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នា ដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅមានសក្ដានុពលជាច្រើនទៀត ដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ និង ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសន្ដិសុខ ដោយផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here