គេហទំព័រPropertyareaនិងសារព័ត៌មានអនឡាញពីរទៀតចុះMOUជាមួយAsian Hubសាធារណៈរដ្ឋកូរ៉េ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com លោក យិន លាងគង់បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនAsian Hub Co, Ltd ដែលតំណាងឲ្យស្ថាប័នព័ត៌មានធំៗចំនួន៥នៅប្រទេសកូរ៉េខាងត្បូង។
ពិធីចុះអនុស្សរណៈនាព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិ សារព័ត៌មានCEN.COM.KH លោកអាន ច័ន្ទថ្លា និងលោកស៊យ រិទ្ឋីនាយកផ្នែកទីផ្សារនៃគេហទំព័រដើមអំពិល ជាមួយលោកស្រីJinhee Choiអគ្គនាយិកាក្រុមហ៊ុនAsianhub Co, Ltd។
គោលបំណងនៃការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដោយសារព័ត៌មាននៅប្រទេសកូរ៉េ ដែលស្ថិតនៅក្រោមឆ័ត្ររបស់Asian hub នឹងយកព៌ត៌មានទាក់ទង នឹងសេដ្ឋកិច្ចសង្គម វប្បធ៌ម ទេសចរណ៍ពីគេហទំព័រទាំងបី ហើយសារព័ត៌មាននៅកម្ពុជាទាំងបីនេះ នឹងយកព័ត៌មានពីសារព័ត៌មានធំៗទាំង៥ យកមកចុះផ្សាយដោយមិនគិតថ្លៃ។
លោកយិន លាងគង់បានមានប្រសាសន៍ថា គេហទំព័រអនឡាញPropertyarea.asia ដែលបានដំណើរការរយៈពេលជាង៧ឆ្នាំមកនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកបន្តថា “ការសហការជាមួយក្រុមហ៊ុនAsianhub គឺសមស្របនឹងចក្ខុវិស័យរបស់លោក ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មាន ដែលលើកឡើងពីភាពវិជ្ជមាន និងបង្ហាញពីមូលដ្ឋាន នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ កាន់តែទូលំទូលាយថែមទៀត”។ លោកបន្តថា “ចក្ខុវិស័យរបស់យើងមានភាពស្របគ្នា ជាមួយស្ថាប័នព័ត៌មានពីរទៀត ដែលបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកំពស់ទំនុកចិត្ត និងផ្សព្វផ្សាយព័ត៌មាន ពីការអភិវឌ្ឈកម្ពុជាទៅកាន់ឆាកអន្តរជាតិ”។
លោកបន្តថា “នេះជាមូលដ្ឋានឈ្នះ ឈ្នះ ហើយខ្ញុំពិតជារីករាយ ក្នុងការសហការលើការងារដ៏មានសារៈសំខាន់នេះ”។
ជាមួយគ្នានេះ លោកអាន ច័ន្ទថ្លានាយកប្រតិបត្តិសារព័ត៌មានអនឡាញCen.com.kh បានមានប្រសាសន៍ថា ការសហការនេះមានភាពល្អប្រសើរ ក្នុងការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធ៌ម និងលើកកំពស់ការផ្សព្វផ្សាយ វិស័យទេសចរណ៍ទៅវិញទៅមកជាដើម។
លោកបន្តថា “ កិច្ចសហការនេះ នឹងជួយឲ្យយើងអាចផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ”៕


ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here