បណ្តាមូលនិធិនៅលើពិភពលោកកំពុងសម្រុកចាក់បញ្ចូលដើមទុនវិនិយោគមកកាន់តំបន់អាស៊ាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាមូលនិធិសកលកំពុងចាក់បញ្ចូលទុនវិនិយោគលើទ្រព្យសកម្មនៅតំបន់អាស៊ាន ជាពិសេសភាគហ៊ុន ខណៈការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ និងសញ្ញាវិជ្ជមាននៃតម្លៃភាគហ៊ុន បានបង្កើនឱកាសក្នុងការផ្តល់ផលចំណេញ។

ជាក់ស្ដែង បណ្តាអ្នកគ្រប់គ្រងមូលនិធិនៅលើពិភពលោកបានបង្កើនការទិញមូលបត្របំណុលក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ក្នុងរយៈពេល២ខែទៅ៣ខែកន្លងមកនេះ។

លំហូរមូលនិធិទាំងនេះបានជួយធ្វើឱ្យរូបិយប័ណ្ណរបស់បណ្តាប្រទេសសមាជិកអាស៊ាន ដូចជាប្រាក់រីងហ្គីតរបស់ម៉ាឡេសុី ក្លាយជារូបិយប័ណ្ណមានភាពធន់បំផុតនៅក្នុងទីផ្សារក្នុងត្រីមាសទី៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ន ធនាគារកណ្តាលរបស់បណ្តាប្រទេសក្នុងសមាគមអាស៊ាន កំពុងសម្រេចបានវឌ្ឍនភាពដល់ដំណាក់កាលនៃការទម្លាក់អត្រាការប្រាក់ ខណៈធនាគារកណ្តាលប្រទេសហ្វីលីពីនបានបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនកាលពីខែសីហារួចមកហើយ។

ជាមួយគ្នានេះ ធនាគារកណ្តាលឥណ្ឌូនេស៊ី ក៏ត្រូវបានគេព្យាករណ៍ថា នឹងទម្លាក់អត្រាការប្រាក់ផងដែរ។ កន្លងទៅ ធនាគារកណ្តាលក្នុងតំបន់ បានសម្រុកដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃចុះនៃរូបិយប័ណ្ណជាតិរបស់ពួកគេធៀបនឹងប្រាក់ដុល្លារអាមេរិក។

លោក Joevin Teo Chin-Ker ប្រធានទទួលបន្ទុកផ្នែកវិនិយោគនៅក្រុមហ៊ុន Amundi Singapore Ltd បានមានប្រសាសន៍ឱ្យដឹងថា “ក្នុងរយៈពេលមធ្យម យើងបន្តមានសុទិដ្ឋិនិយមវិជ្ជមានចំពោះការវិនិយោគលើមូលបត្របំណុល និងរូបិយប័ណ្ណរបស់តំបន់អាស៊ាន ជាពិសេសនៅក្នុងបណ្តាប្រទេសមានអត្រាការប្រាក់ខ្ពស់”។

ជាក់ស្ដែង ក្រុមហ៊ុនវិនិយោគ BlackRock របស់សហរដ្ឋអាមេរិក គ្រោងចាប់យកឱកាសពីភាពប្រែប្រួលនៃគោលនយោបាយរូបិយវត្ថុនៅក្នុងខែកញ្ញានេះ ដើម្បីទិញមូលបត្របំណុលក្នុងបណ្តាប្រទេសអាស៊ានមួយចំនួន ដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here