តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានបន្តប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីបារម្ភអំពីទិន្នផលប្រេងរបស់សហរដ្ឋអាមេរិក បន្ទាប់ពីព្យុះ  Francine បានបោកបក់ទៅលើតំបន់ចម្រាញ់ប្រេងនៅតំបន់ឈូងសមុទ្រមុិកសិក និងការរំពឹងទុកចំពោះការធ្លាក់ចុះនៃស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែវិច្ឆិកាបានកើនឡើង១៦សេន ឬ០,២%ដល់៧២,៩១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0120 GMT ខណៈតម្លៃប្រេងឆៅ WTI futuresរបស់អាមេរិកសម្រាប់ចែកចាយនៅខែតុលាបានកើនឡើង៣៤សេន ឬ០,៥%ដល់៧០,៤៣ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានបង្ហាញថា បច្ចុប្បន្ន ទីផ្សារបង្កើនឱកាសដល់៦៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយនៅចុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៧២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះបន្ទាប់ពីបិទការជួញដូរត្រឹម១០០,៧៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ មុនពេលចេញផ្សាយការសម្រេចចិត្តលើគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅថ្ងៃពុធស្អែកនេះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៥២ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។

ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,០៦ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃចំនួន១,៤៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite ក៏បានបិទការជួញដូរដូចគ្នា។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានបិទការជួញដូរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here