អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ដោយសារការរំខានដល់ផលិតកម្មប្រេងនៅឈូងសមុទ្រម៉ិកស៊ិករបស់អាមេរិក ខណៈខ្យល់ព្យុះ Francine បានបង្ខំឱ្យរោងចក្រនានាផ្អាកដំណើរការ មុនពេលព្យុះវាយប្រហារទៅលើឆ្នេរសមុទ្រ Louisiana។ តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៣៤សេន ឬ០,៥%ដល់៧២,៣១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៣៨សេន ឬ០,៦% ដល់៦៩,៣៥ដុល្លារក្នុងមួយបារ៉ែល។ បច្ចុប្បន្ន ទីផ្សារបង្កើនឱកាសដល់៤៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយក្នុងកំឡុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធ សប្តាហ៍ក្រោយ។នេះបើយោងតាមឧបករណ៍ CME FedWatch។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០១,០៣ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៣៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុី បានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ ខណៈទិន្នន័យបង្ហាញថា សន្ទស្សន៍តម្លៃផលិតករ(PPI)របស់សហរដ្ឋអាមេរិកបានកើនឡើង០,២ភាគរយនៅខែសីហា លើសពីការរំពឹងទុកក្នុងរង្វង់០,១ភាគរយ។ តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,៤៧ភាគរយ គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។ ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះប្រមាណ០,៨៩ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃចំនួន០,៩៧ភាគរយ។ ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,០៤៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៨៧ភាគរយ។ រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,០៧៨ភាគរយ៕
ដោយ: គង់ លាងហួរ