លំហូរនិស្សិតបរទេសកំពុងជំរុញឱ្យផ្នែកមួយនៃទីផ្សារអចលនទ្រព្យហុងកុងបង្ហាញសញ្ញាសុទិដ្ឋិនិយម

លំហូរនិស្សិតបរទេសកំពុងជំរុញឱ្យផ្នែកមួយនៃទីផ្សារអចលនទ្រព្យហុងកុងបង្ហាញសញ្ញាសុទិដ្ឋិនិយម

ដោយ: គង់ លាងហួរ

អន្តរជាតិ: បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍ហុងកុងមួយចំនួន កំពុងងាកទៅចាប់ឱកាសសាងសង់ផ្ទះជួល ដើម្បីបំពេញកំណើនតម្រូវការរបស់ក្រុមអ្នកជំនាញ និងលំហូរនិស្សិតបន្តការសិក្សាមកពីចិនដីគោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរយុទ្ធសាស្រ្ត របស់អ្នកអភិវឌ្ឍន៍ជារឿងដ៏កម្រនៅក្នុងទីក្រុងមួយ ដែលមានតម្លៃអចលនទ្រព្យ ខ្ពស់កប់ពពកនៅលើពិភពលោក និងសបញ្ជាក់ឱ្យឃើញអំពីការផ្លាស់ប្តូរកត្តាប្រជាសាស្រ្តនៅក្នុងទីក្រុងហុងកុង។

ប្រជាជនហុងកុង និងជនបរទេសជាច្រើនបានសម្រុកទៅរស់នៅក្រៅប្រទេស បន្ទាប់ពីផ្ទុះការបង្ក្រាប លើការតវ៉ាប្រឆាំងរដ្ឋបាលហុងកុងក្នុងឆ្នាំ២០១គួបផ្សំនឹងជំងឺរាតត្បាត។ ជំនួសមកវិញ និស្សិតចិនដីគោក បានហូរចូលមកកាន់ក្រុងហុងកុង តាមរយៈគម្រោង ទាក់ទាញអ្នកមានទេពកោសល្យ ចាប់ផ្តើមនៅឆ្នាំ២០២២។

ការជួលផ្ទះឯកជនក្នុងទីក្រុងហុងកុង កាលពីខែកក្កដាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត៥ឆ្នាំ ខណៈតម្លៃផ្ទះ បានដាំក្បាលចុះ២២ភាគរយ ក្នុងអំឡុងពេលដូចគ្នានេះ។ នេះបើយោងតាមទិន្នន័យថ្មីចុងក្រោយបំផុត។

ស្របពេលប្រជាជនហុងកុង ក៏សម្រេចជ្រើសរើសយកការជួលជំនួសឱ្យការទិញ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ អ្នកជំនាញអចលនទ្រព្យជាច្រើនរំពឹងថា និន្នាការខុសគ្នានៃតម្លៃផ្ទះ និងតម្លៃជួលនឹងបន្តកើតមានឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុន Henderson Land ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ហុងកុងបានប្រកាសថា ខ្លួនកំពុងដាក់លំនៅដ្ឋានផ្នែកមួយស្ថិតក្នុងគម្រោង Baker Circle Dover នៅតំបន់ Kowloonសម្រាប់ការជួលជំនួសឱ្យការលក់។

យ៉ាងណាមិញ ក្រុមហ៊ុនពុំបានបង្ហាញឱ្យដឹងពីចំនួនយូនីតសម្រាប់ការជួលនោះទេ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ផ្ទះ២០យូនីត ត្រូវបានគេជួលអស់ក្នុងរយៈពេល១សប្តាហ៍ ដោយការជួលប្រចាំខែ មានតម្លៃចាប់ពី១៤.០០០ដុល្លារហុងកុង (ប្រហែល១.៧៩៥ដុល្លារអាមេរិក)ដល់១៩.០០០ដុល្លារហុងកុង សម្រាប់ផ្ទះល្វែងមានបន្ទប់គេងចំនួន១។

អ្នកវិនិយោគអចលនទ្រព្យ កំពុងងាកទៅរកទីផ្សារជួលកាន់តែខ្លាំងឡើង ដោយបានប្រែក្លាយអចលនទ្រព្យផ្សេងៗ រួមមានសណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានទៅជាអគារស្នាក់នៅសម្រាប់សិស្ស-និស្សិត។

កាលពីខែមិថុនា សាកលវិទ្យាល័យ Hong Kong Metropolitan University បានទិញសណ្ឋាគារថ្មីមួយ ដែលមាន២៥៥បន្ទប់ នៅសង្កាត់ Hung Hom ក្នុងតម្លៃ១ពាន់លានដុល្លារហុងកុង សម្រាប់ប្រើប្រាស់ជាអន្តេវាសិកដ្ឋានរបស់និស្សិត។

លោក Raymond Lee នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Greater China បានលើកឡើងថា “តម្រូវការលំនៅដ្ឋានរបស់សិស្សមានចំនួនកាន់តែច្រើន ដោយសារកូតានិស្សិតបរទេសត្រូវបានដំឡើង ហើយប្រជាជនចិនដីគោកជាច្រើន ក៏មិនអាចទទួលបានប្រាក់កម្ចីទិញផ្ទះ”។

កាលពីឆ្នាំមុន តំបន់រដ្ឋបាលពិសេសក្រុងហុងកុង បានប្រកាសថា ចាប់ពីឆ្នាំសិក្សា២០២៤តទៅ ចំនួនកូតាសម្រាប់និស្សិតបរទេស នៅក្នុងសាកលវិទ្យាល័យចំនួន៨ នៅហុងកុង នឹងកើនឡើងទ្វេរដងដល់៤០ភាគរយនៃចំនួនសិស្សចូលរៀនសរុប៕ប្រភព: Reuters

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here