តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក ដោយគ្រោងចេញផ្សាយនៅថ្ងៃសុក្រស្អែកនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៤ភាគរយដល់២៥១៥,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៩%ដល់២៥៤៧,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥០២,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៣៧,៨០ដុល្លារក្នុងមួយអោន។
លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ActivTrades អះអាងថា“ប្រសិនបើសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អាមេរិកកើនឡើងទាបជាងការរំពឹងទុក នោះក្តីសង្ឃឹមលើការបញ្ចុះអត្រាការប្រាក់នឹងកើនឡើងកាន់តែខ្លាំង ហើយនេះជាសក្តានុពលវិជ្ជមានសម្រាប់តម្លៃមាស”។
បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៥,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃដល់១០០,៩៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានស្ទុះងើបឡើងដល់១០១,០៩ពិន្ទុគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨%ដល់២៩,៤៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៥%ដល់៩៤០,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៨%ដល់៩៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕