មន្រ្តីការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រទេសកាណាដាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

មន្រ្តីការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រទេសកាណាដាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក និងកសិ-ចំណីអាហារនៃប្រទេសកាណាដាតំណាងដោយ លោកស្រី Diedrah Kelly នាយិកាប្រតិបត្តិ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ សីហាកន្លងមកនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាអំពីទិដ្ឋភាពទូទៅ នៃបរិយាកាសវិនិយោគនៅកម្ពុជា និន្នាការនៃវិស័យកសិ-ចំណីអាហារ, និងកិច្ចសហប្រតិបត្តិការចំពោះមុខ។

លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយិកាប្រតិបត្តិ និងក្រុមការងារដែលបានអញ្ជើញ មកធ្វើទស្សនកិច្ចការងារ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីបរិយាកាស និងណែនាំខ្លួនទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកសួន សុផល បានជម្រាបជូនសមភាគីឱ្យបានជ្រាបច្បាស់ អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំកែលម្អឱ្យកាន់តែមានភាពទាក់ទាញ និងអនុគ្រោះសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេសដោយគ្មានការរើសអើង។

ពាក់ព័ន្ធនឹងការងារស្តីពីកសិ-ចំណីអាហារ ឯកឧត្តមបានជម្រាបជូនភាគីមិត្ត អំពីកសិផលយុទ្ធសាស្ត្ររបស់កម្ពុជា ក៏ដូចជាវត្តមាន នៃតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែលជាតុពិគ្រោះយោបល់ មានឯកទេសលើការជំរុញ និងទាក់ទាញការវិនិយោគលើវិស័យកសិ-ចំណីអាហារ។

ជាការឆ្លើយតប លោកស្រី Diedrah Kelly នាយិកាប្រតិបត្តិបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ការិយាល័យកសិកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក និងកសិ-ចំណីអាហារ នឹងអាចចូលរួមចំណែកសហការ ដាក់ចេញជាសកម្មភាពប្រតិបត្តិរួម ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងAFIDនាពេលអនាគត សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែមានផ្លែផ្កាវិជ្ជមានបន្ថែមមួយកម្រិតទៀត

 

LEAVE A REPLY

Please enter your comment!
Please enter your name here