មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើតការិយា​ល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

មហាសេដ្ឋីនៅតំបន់អាស៊ីកាន់តែច្រើនងាកទៅបង្កើការិយាល័យគ្រួសារដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យគ្រួសារ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងចំណោមក្រុមអ្នកវិនិយោគ នៅតំបន់អាស៊ីអាគ្នេយ៍ ស្របពេលកំណើនសេដ្ឋកិច្ច និងចំនួនលំដាប់មហាសេដ្ឋីក្នុងតំបន់មានការកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Preqin ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ការិយាល័យគ្រួសារ ត្រូវបង្កើតឡើងដោយក្រុមអ្នកមាន គ្របដណ្តប់ចំណែក១ ភាគ៣នៃអ្នកវិនិយោគសរុប ទូទាំងតំបន់ក្នុងខែមិថុនា ឆ្នាំ២០២៤ បើប្រៀបធៀបនឹងចំណែក១ ភាគ៥ក្នុងឆ្នាំ២០២០។

ទិន្នន័យខាងលើបង្ហាញទៀតថា ចំនួនជិត៥០ភាគរយនៃការិយាល័យគ្រួសារទាំងអស់ នៅទូទាំងតំបន់មានទីស្នាក់ការនៅប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង។

ទីក្រុងទាំងពីរ មានរចនាសម្ព័ន្ធមូលនិធិខុសពីគ្នា ដើម្បីទាក់ទាញលំហូរទ្រព្យសម្បត្តិ របស់មហាសេដ្ឋីកាន់តែច្រើន តាមរយៈការប្រកួតប្រជែង ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងៗដូចជា កោះ British Virgin កោះ Mauritius និងកោះ Cayman

សិង្ហបុរី​បាន​បង្កើន​ស្ថាប័ន​សាជីវកម្ម​ថ្មី​មួយ​ មាន​ឈ្មោះ​ថា Variable Capital Company (VCC) ក្នុងគោលបំណង​ទាក់ទាញ​ទ្រព្យសកម្ម​របស់​អ្នក​គ្រប់គ្រង​មូលនិធិ​ និង​ការិយាល័យ​គ្រួសារ​ ដែល​បាន​ចុះ​បញ្ជី​ ក្នុង​បណ្តាប្រទេស​យកពន្ធ​ទាប​ ដូចជា​កោះ Cayman Islands និង​ប្រទេស​លុចសំបួ​រជាដើម។  

ស្ថាប័ននេះទទួលបានការចាប់អារម្មណ៍ ពីការិយាល័យគ្រួសារ ដោយសារការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រសិទ្ធភាពនៃការចំណាយ និងការលើកទឹកចិត្តផ្នែកពន្ធ។

ចំណែក តំបន់រដ្ឋបាលពិសេសហុងកុង បានបង្កើតរចនាសម្ព័ន្ធក្រុមហ៊ុនមូលនិធិបើកចំហ (Open-ended fund company)។ ស្ថាប័ននេះអនុញ្ញាតឱ្យមូលនិធិវិនិយោគ ត្រូវបានបង្កើតឡើងក្នុងទម្រង់សាជីវកម្ម។

រចនាសម្ព័ន្ធស្ថាប័នទាំង២ខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួល ដល់ការគ្រប់គ្រងការវិនិយោគ និងផ្តល់នូវភាពបត់បែន សម្រាប់ការិយាល័យគ្រួសារ។ ប៉ុន្តែទីក្រុងសិង្ហបុរី និងហុងកុង មានលក្ខណៈពិសេស និងតម្រូវការបទប្បញ្ញត្តិខុសៗគ្នា។

គិតត្រឹមដំណាច់ចុងឆ្នាំ២០២៣កន្លងទៅ សិង្ហបុរីមានការិយាល័យគ្រួសារទោល (Single family offices) ចំនួន១.៤០០ការិយាល័យ ខណៈទីក្រុងហុងកុង ត្រូវបានគេប៉ាន់ប្រមាណថា មានការិយាល័យ គ្រួសារចំនួន២.៧០០ការិយាល័យ។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ Deloitte

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Preqin បានបង្ហាញទៀតថា បណ្តាវិនិយោគិននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងបោះទុនក្នុងទីផ្សារឯកជនកាន់តែខ្លាំងឡើង ដូចជា ការវិនិយោគលើឧបករណ៍បំណុល និងភាគហ៊ុន ដោយសារការផ្តល់ផលចំណេញលើសពីការរំពឹងទុក។

ជាមួយគ្នានេះ យោងតាមការស្រាវជ្រាវថ្មី ពីក្រុមហ៊ុនប្រឹក្សាសកល Bain & Co បានព្យាករណ៍ថា ការគ្រប់គ្រងទ្រព្យសកម្មឯកជន នឹងសម្រេចបានទំហំទឹកប្រាក់ ចន្លោះពី៦០ទ្រីលានដុល្លារដល់៦៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣២ កើនឡើងជាង២ដង បើធៀបនឹងអត្រាកំណើន នៃទ្រព្យសកម្មសាធារណៈ៕ប្រភព៖ The Strait Times

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here