តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

តម្លៃប្រេងបានកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ប្រេងដោយសារការបិទអណ្តូងប្រេងរបស់ប្រទេសលីប៊ី និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងការព្រួយបារម្ភអំពីតម្រូវការប្រេងឥន្ធនៈសកល។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៥សេនដល់៧៩,៨០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0209 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៧សេនដល់៧៥,៧០ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ បណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលនូវរបាយការណ៍សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) របស់សហរដ្ឋអាមេរិក ដោយគ្រោងចេញផ្សាយនៅថ្ងៃសុក្រ សប្តាហ៍នេះ។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយនៅក្នុងខែកញ្ញាខាងមុខ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងវិញបន្តិចដល់១០០,៧៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៥៥ពិន្ទុ ក្នុងពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈទិន្នន័យបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅក្នុងប្រទេសអូស្ត្រាលី បានកើនឡើងលើសពីការរំពឹងទុក ក្នុងអត្រាប្រចាំឆ្នាំ៣,៥%ក្នុងខែកក្កដា បើធៀបនឹងការព្យាករណ៍ក្នុងរង្វង់៣,៤%។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានធ្លាក់ថ្លៃចុះចំនួន០,២៤ភាគរយ គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៩៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៦១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here