តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

តម្លៃប្រេងបានកើនឡើង ខណៈការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ដោយសារការព្រួយបារម្ភពីការរីករាលដាលនៃជម្លោះនៅតំបន់ហ្គាហ្សាចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនាពេលខាងមុខបានបង្កើនទស្សនវិស័យសេដ្ឋកិច្ច និងតម្រូវការប្រេងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៣៧សេនដល់៧៩,៣៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 2300 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានកើនឡើង៣៦សេនដល់៧៥,១៩ដុល្លារក្នុងមួយបារ៉ែល។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបានថ្លែងថា “ពេលវេលាបានមកដល់ហើយសម្រាប់ធនាគារកណ្តាលអាមេរិកក្នុងការកាត់បន្ថយអត្រាការប្រាក់ ខណៈអត្រាអតិផរណាបានខិតជិតដល់គោលដៅ២% របស់ធនាគារ Fed”។ការណ៍នេះបានស្តែងឱ្យឃើញពីការគាំទ្ររបស់លោក Powell ចំពោះការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅពេលឆាប់ៗខាងមុខ។

បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញា។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីដាំក្បាលចុះក្នុងពេលបិទការជួញដូរត្រឹម១០០,៧២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគបានថ្លឹងថ្លែងរវាងសុទិដ្ឋិនិយមអំពីការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងការព្រួយបារម្ភជុំវិញជម្លោះនៅតំបន់មជ្ឈឹមបូព៌ា។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,៦៣ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។

ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,០៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៨២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,០៦៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,០៧១ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៦៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,២២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here