ថ្នាក់ដឹកនាំក្រុមហ៊ុនអន្តរជាតិគ្រោងវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Inspur Group Co., Ltd. ដែលជាសហគ្រាសរដ្ឋ។
គណៈប្រតិភូដែលដឹកនាំដោយលោក Ray Liu ប្រធានក្រុមហ៊ុន និងជាអ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានធុរកិច្ចក្រៅប្រទេស បានមកជួបពិភាក្សា ក្នុងគោលបំណងស្វែងយល់ពីឱ្យកាន់តែលម្អិតអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក៏ដូចជាពិនិត្យលទ្ធភាព បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល (Computing equipment, Software, Cloud computing services, Next-generation communication, Big data and Several application scenarios) ដែលនឹងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ច នៃសង្គមឌីជីថលកម្ពុជា។
លោកសួន សុផលបានសម្ដែងការស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅ ដល់គណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាដ៏មម៉ាញឹក មកជួបពិភាក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ព័ត៌មានបន្ថែមឱ្យកាន់តែច្បាស់ និងចំគោលដៅ។
លោកបានជម្រាបជូនគណៈប្រតិភូ អំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈ កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ស្របតាមច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា ជាពិសេសពិនិត្យលទ្ធភាពគាំទ្រ ដល់ការបន្ស៊ីគ្នា នូវគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី យន្តការការងារចម្រុះ លើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ថែមពីនេះ លោកសួន សុផលបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យគម្រោងខាងលើ ទទួលបានជោគជ័យ ប្រកបដោយផ្លែផ្លា៕