មន្រ្តីក្រសួងពាណិជ្ជកម្ម ជួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបាលពិសេសហុងកុងដើម្បីពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ
ដោយៈ គង់ ម៉ាលីនណា
ហុងកុងៈ លោកលឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការជាមួយនឹងលោក Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពិភាក្សាពីការពង្រីកលំហញូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងហុងកុង ព្រមទាំងបានបង្ហាញគោលដៅ អនុវត្តន៍សកម្មភាពរួមគ្នាមួយចំនួន ពាក់ព័ន្ធនឹងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ហុងកុងមកកម្ពុជា ក៏ដូចជា ឱកាសក្នុងការនាំយកនូវផលិតផលខ្មែរ មកដាក់តាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅទីក្រុងហុងកុង ប្រទេសចិន។
ជាមួយគ្នានេះ លោកAlgernon Yau ក៏បានបង្ហាញអំពីការគំាទ្រ ទៅលើការអភិវឌ្ឍន៍ការអប់រំ ដល់យុវជន និងការពង្រឹងកិច្ចសហការល្អក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផងដែរ។
ជាការឆ្លើយតប លោករដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងលោក Algernon Yau រដ្ឋមន្រ្តីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង ដោយរំពឹងទុកថាតាមរយៈកិច្ចសហការនេះ នឹងជំរុញនូវកំណើនសេដ្ឋកិច្ច និងផ្តល់នូវអត្ថប្រយោជន៍ ជាអតិបរមាដល់ភាគីទាំងពីរ៕