តម្លៃប្រេងបានស្ថិតនៅទ្រឹង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានពិចារណាថ្លឹងថ្លែងរវាងការព្រួយបារម្ភពីការធ្លាក់ចុះនៃតម្រូវការប្រេងសកល និងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបានជួយកាត់បន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។
តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ១សេនមកនៅត្រឹម៧៧,២១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0033 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៤សេនដល់៧៣,០៥ដុល្លារក្នុងមួយបារ៉ែល។
បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញា។ នេះបើយោងតាមសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃដល់១០១,៣៦ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៥១ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា អត្រាអតិផរណាទូទៅរបស់ប្រទេសជប៉ុនបានស្ថិតនៅទ្រឹងត្រឹម២,៨ភាគរយនៅក្នុងខែកក្កដាបើប្រៀបធៀបនឹងខែមិថុនា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះចំនួន០,២១ភាគរយ គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។
ទន្ទឹមគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៣៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,២៨ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤១ភាគរយ៕