ហេតុអ្វី និង​កត្តា​អ្វីខ្លះ​បានជា​តម្រូវការ​លំនៅដ្ឋាន​កើនឡើង​ខ្ពស់​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​ទាំង​ផ្ទះ​ជាប់​ដី និង​ខុន​ដូ​ឬ​អាគារ​សហកម្ម​សិ​ទ្ឋ​នៅតែមាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​ជាតិ អន្តរជាតិ​នៅតែ​បន្ត​សំរុក​សាងសង់​ទាំង​នៅក្នុង និង​ជាយ​រាជធានី​ភ្នំពេញ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក​យិន លាង​គង់​បាន​មានប្រសាសន៍  ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៦ វិច្ឆិកា​កន្លងមក​ថា កំនើន​តម្រូវការ​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មាន​សេដ្ឋកិច្ច​រីកចម្រើន មិនមែនជា​ភាព​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​បណ្តាលមកពី​កត្តា​ជា​សត្យានុម័ត​មួយចំនួន​ដូចជា ទី១ ប្រជាជន​កម្ពុ​ជាមាន​អាយុ​ចាប់ពី១៨ដល់៣០ឆ្នាំមាន៦០ភាគរយ នៃ​ប្រជាជន​សរុប ដែល​ពួកគេ​ជា​វ័យ​ដែលមាន​តម្រូវការ​លំនៅដ្ឋាន ក្រោយពេល​រៀបការ និង​បែក​ពី​គ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ កត្តា​សំខាន់​ដទៃទៀត គឺ​ការកើនឡើង​នូវ​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម​ទីក្រុង ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាសាស្ត្រ​កើនឡើង​នៅតាម​ទីក្រុង និង​តាម​ទីប្រជុំជន​នានា ទី៣ ការកើនឡើង​នូវ​សេដ្ឋកិច្ចជាតិ ដោយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ ដែល​ធ្ចើ​ឲ្យ​ពួកគេ​មាន​សាច់ប្រាក់ ដើម្បី​បំពេញតម្រូវការ ទី៤ ការផ្តល់​ឥណទាន​ពី​សំណាក់​ធនាគារ​នានា​កាន់តែ​មាន​ភាព​ងាយ​ស្រូល និង​ការប្រាក់​បាននិងកំពុង​បន្ត​ធ្លាក់ចុះ និង​ទី៥ កត្តា​វប្ប​ធ៌​ម​ប្រពៃណី គឺ​ប្រជាជន​វ័យក្មេង​កម្ពុជា និយម​រស់នៅ​ឯករាជ្យ បែក​ពី​ឳ​ពុក​ម្តាយ ទៅរក​លំនៅដ្ឋាន​ថ្មី ជាជាង​ការរស់នៅ​បែប​ប្រមូលផ្តុំ​ក្នុង​គ្រួសារ​រួម។នេះ​បើតាម​ការលើកឡើង​រប​ស់លោក​យិន លាង​គង់។

លោក​បន្តថា “ការរីកចម្រើន​នៃ​វិស័យ​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែមាន​កំនើន​ខ្ពស់​បន្តទៀត​សំរាប់​រយៈពេល៥ទៅ១០ឆ្នាំ​ខាងមុខ ដោយសារ​កត្តាសំខាន់ៗខាងលើនេះ” ។

យោងតាម​ឯកសារ​ដែលមាន​ចំណងជើង​ថា “ភ្នំពេញ​ឆ្នាំ2030 ” បានឱ្យដឹងថា លំនៅឋាន​ដែល​បាន​និង កំពុង​សាងសង់​នឹង​កើនឡើង៣ដង ក្នុង​រយៈពេល១៣ឆ្នាំ​ខាងមុខ។ ក្រុមហ៊ុន​វាយតម្លៃ​ខាងលើ​បាន​អះអាងថា បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន ១៥០,០០០ខ្នង ប៉ុន្តែ​នឹង​កើនឡើង​ដល់ ៤៥០,០០០ខ្នង​នៅ​ឆ្នាំ២០៣០ ។

របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ចំណោម​ខណ្ឌ​ទាំង១៤ នៅ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន៧បាន និង​កំពុងមាន​សកម្មភាព​ម​មា​ញឹក ក្នុងការ​សាងសង់​សំណង់​លំនៅឋាន ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ ដែល​នឹង​ធ្វើឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ លាន​ខ្នង​នៅ​ឆ្នាំ២០៣០ ។

កំណើន​នេះ អាច​បណ្តាលមកពី​ការអភិវឌ្ឍ គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ចេញចូល​ក្រុង ជាពិសេស​ការតភ្ជាប់​ប​ណ្តា​ញ​ផ្លូវ​នានា រួមជាមួយ​លំហូរ​នៃ​ចំនួន ប្រជាសាស្ត្រ​ចូល​កាន់តែច្រើន ។

លោក​ង៉ែត ជូ​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​មានប្រសាសន៍​ឱ្យដឹងថា កំណើន​លំនៅដ្ឋាន​កាន់តែច្រើនឡើងៗ នឹង​បណ្តាលឱ្យ​តម្លៃ​អចលនទ្រព្យ​កាន់តែ​ខ្ពស់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តម្លៃ​ដីធ្លី​មានការ​កើនឡើង​ចន្លោះ​ពី៧-១០ភាគរយ ក្នុង​មួយឆ្នាំ​អាស្រ័យ​ទៅតាម​ទីតាំងផ្សេងៗគ្នា។

លោក​បន្តថា “ការផ្គត់ផ្គង់​លំនៅឋាន​តម្លៃ​សមរម្យ​នាពេល​បច្ចុប្បន្ន មិន​ឆ្លើយតប​នឹង​កម្រិតជីវភាព​របស់​កម្មករ​ទេ ព្រោះ​ផ្ទះមួយ​ខ្នង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច២៥,០០០ ដុល្លារ។ វិបត្តិ​នេះ​កើតឡើង​រួចហើយ​នៅ​ហុងកុង ដូច្នេះ​កម្ពុជា​គួរតែ​រៀម​ខ្លួន​ជាមុន” ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ​ថា គម្រោង​សំណង់​លំនៅឋាន​នៅតែ​បន្ត មាន​កំណើន​ល្អ​ដែល​នៅក្នុង​រយៈពេល៨ខែ ឆ្នាំ២០២០នេះ មាន​ចំនួន ២,៨១៩ គម្រោង ឬ ស្មើនឹង៨៤% នៃ គម្រោង​សាងសង់​សរុប ។ គម្រោង​សំណង់​លំនៅឋាន​នេះ​កើនឡើង ៦.៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here