វិនិយោគិនកូរ៉េងាកទៅទិញភាគហ៊ុនអាមេរិក ស្របពេល ទីផ្សារលំនៅដ្ឋានក្នុងស្រុកដាំក្បាលចុះ

វិនិយោគិនកូរ៉េងាកទៅទិញភាគហ៊ុនអាមេរិក ស្របពេលទីផ្សារលំនៅដ្ឋានក្នុងស្រុកដាំក្បាលចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាវិនិយោគិនខ្នាតតូច និងខ្វះបទពិសោធន៍(Retail Investors)របស់ប្រទេសកូរ៉េខាងត្បូង កំពុងចាក់បញ្ចូលមូលនិធិកាន់តែច្រើន ទៅក្នុងភាគហ៊ុនអាមេរិក ស្របពេលដែលទីផ្សារលំនៅដ្ឋាន ក្នុងស្រុកបន្តដាំក្បាលចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រជាជនកូរ៉េខាងត្បូង បាននឹងកំពុងដណ្តើមទិញភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ក្រុមហ៊ុនTesla និងក្រុមហ៊ុន Apple របស់អាមេរិក ទោះបីជារដ្ឋាភិបាលទីក្រុងសេអ៊ូល ខិតខំទប់ស្កាត់ តាមរយៈការជំរុញទីផ្សារភាគហ៊ុន ក្នុងស្រុកយ៉ាងណាក្តី។

លោក Sunny Noh វ័យ៤៩ឆ្នាំ បានបន្តបោះទុនវិនិយោគលើភាគហ៊ុនរបស់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla ចាប់តាំងពីឆ្នាំ២០២០មក ហើយការដាំក្បាលចុះ នៃទីផ្សារនាពេលថ្មីៗនេះ ជាឱកាសទិញរយៈពេលវែងរបស់លោក។

លោក​បានបន្ត​ថា​ “ភាគហ៊ុនអាមេរិក អាច​ធ្លាក់​ថ្លៃចុះក្នុង​រយៈពេល​មួយ​ឆ្នាំឬ​ពីរ​ឆ្នាំ ប៉ុន្តែភាគហ៊ុនទាំងនោះ នឹង​ស្ទុះងើបឡើងវិញ​ម្តងទៀត ​ក្នុង​រយៈពេល​វែង​ជាង​១០​ឆ្នាំ​”។

ផ្ទុយទៅវិញ ភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងស្រុក ដូចជា ក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន SK Hynix និងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ហាក់មិនសូវទទួលបានការចាប់អារ​ម្មណ៍ ពីប្រជាជនកូរ៉េខាងត្បូងខ្លួនឯង ដោយសារឱកាសផ្តល់ផលចំណេញទាប។

ជាក់ស្ដែង នៅឆ្នាំ២០២៤ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Samsung បានធ្លាក់ថ្លៃចុះ៤ភាគរយ គិតមកទល់ពេលនេះ បើធៀបនឹងការហក់ឡើងថ្លៃ១២០ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia ។

លោក Noh បានទិញភាគហ៊ុនអាមេរិក តម្លៃ៩ពាន់លានដុល្លារ នៅចន្លោះខែមករា ដល់ខែកក្កដាឆ្នាំ២០២៤នេះ បន្ទាប់ពីលក់ចេញ ភាគហ៊ុនចំនួន២,៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ នេះជាការលក់ចេញជាលើកដំបូង របស់លោក បន្ទាប់ពីលោក ចាប់ផ្តើមវិនិយោគលើភាគហ៊ុន របស់សហរដ្ឋអាមេរិក បានរយៈពេល៣ឆ្នាំចាប់តាំងពីឆ្នាំ២០២០។

កាលពីដើមខែកក្កដាកន្លងទៅ លោក Elon Musk ម្ចាស់ក្រុមហ៊ុនយក្ស Tesla បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយហៅពលរដ្ឋកូរ៉េខាងត្បូងថា ជា “មនុស្សឆ្លាត” បន្ទាប់ពីទិន្នន័យបង្ហាញថា ពលរដ្ឋកូរ៉េបានទិញភាគហ៊ុន Tesla ច្រើនជាងគេ ក្នុងចំណោមភាគហ៊ុនអាមេរិកដទៃផ្សេងទៀត។

ការកាន់កាប់ភាគហ៊ុន ដោយប្រជាជនកូរ៉េ នៅក្នុងក្រុមហ៊ុនផលិតរថយន្តEV ខ្នាតយក្សមួយនេះ មានទំហំទឹកប្រាក់ចំនួន១៣,៦ពាន់លានដុល្លារ គិតត្រឹមចុងខែកក្កដា តាមពីក្រោយ ដោយការកាន់កាប់ភាគហ៊ុន Nvidia ចំនួន១២ពាន់លានដុល្លារ និងការកាន់កាប់ភាគហ៊ុន Apple ចំនួន៥,១ពាន់លានដុល្លារ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here