រដ្ឋមន្រ្តីការងារជួបជាមួយតំណាងADBពិភាក្សាលើបញ្ហាប្រឈមទាក់ទងការអភិវឌ្ឍជំនាញ
ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Justine Diokno-Sicat នៅទីស្តីការក្រសួង។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល កាលពីថ្ងៃទី២១ សីហា ភាគីទាំងពីរ បានចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញ ខណៈដែលកម្ពុជា មានទិសដៅធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារ ពីអតិពលកម្ម និងមានតម្លៃទាប ទៅជាសេដ្ឋកិច្ចទីផ្សារ ដែលពឹងផ្អែកលើឧស្សាហកម្ម និងបច្ចេកវិទ្យា។
បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សា និងចែករំលែកចក្ខុវិស័យ ពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័ស សម្រាប់កម្លាំងពលកម្ម ក្នុងទីផ្សារការងារ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅ ដើម្បីទទួលបានជំនាញជាក់លាក់ ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ត្រង់ចំណុចនេះ ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេច របស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ លោករដ្ឋមន្ត្រីហេង សួរ បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគ ចំពោះការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួល ដល់សិក្ខាកាមសម្រាប់សិក្សា។
ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរ ចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយទន្ទឹមនឹងនេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវទិសដៅ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារ ដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ៕