ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ គិតចាប់ពីខែមករា ដល់ខែកក្កដា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រេចបានប្រាក់ជាង៤៤៧ដុល្លារ កើន១៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកការនាំចូលពីប្រទេសនេះ មានជាង១៨៧លានដុល្លារ កើន៣,២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងជំនួបជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីសប្តាហ៍មុន លោក ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានកោតសរសើរ កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងបរិយាកាសអំណោយផល ដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ លើកទឹកចិត្ត និងយន្តការសម្របសម្រួល ដើម្បីបង្កើនទំនុកចិត្តនិងជោគជ័យរបស់វិនិយោគិនកូរ៉េខាងត្បូង ដែលបណ្ដាក់ទុននៅកម្ពុជា។ នេះបើយោងតាមបណ្ដាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី។
បណ្ដាញសង្គមនេះ បានដកស្រង់សំដីលោក Park Jung-Wook ថា វិនិយោគិនកូរ៉េខាងត្បូង មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូង កាលពីខែឧសភា ដែលបានរៀបចំសិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់។
បណ្ដាញសង្គមដដែលបន្តថា ឯកអគ្គរដ្ឋទូត លោក Park Jung-Wook បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញ ទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានតម្កើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូង៕