ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីកំពុងព្យាយាមទាក់ទាញវិនិយោគិនតាមរយៈការដាក់ចេញកម្មវិធីទិដ្ឋាការមាសថ្មី។ ប៉ុន្តែ ក្រុមអ្នកវិភាគបានបង្ហាញក្តីបារម្ភមួយចំនួនចំពោះគោលនយោបាយនេះ។
សារពត៌មាន Asia News Network បានដកស្រង់សម្តីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មកចុះផ្សាយថា កម្មវិធីនេះនឹងជះឥទ្ធិពលវិជ្ជមានជាច្រើនលើឥណ្ឌូនេសុី ដោយជំរុញលំហូរដើមទុន ការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា។
ជាមួយគ្នានេះ លោក Silmy Karim ប្រធានទីភ្នាក់ងារអន្តោប្រវេសន៍របស់ឥណ្ឌូនេសុី បានលើកឡើងថា កម្មវិធីទិដ្ឋាការថ្មីនឹងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនបរទេស ដែលបានបង្កើតអាជីវកម្មនៅក្នុងប្រទេសរបស់យើង។
យ៉ាងណាមិញ ក្រុមអ្នកជំនាញបានលើកឡើងពីក្តីព្រួយបារម្ភអំពីការលាងលុយឆ្លងដែន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត ព្រមទាំងធ្វើឲ្យតម្លៃលំនៅដ្ឋានហក់ឡើងកប់ពពក។
តួយ៉ាង បណ្តាប្រទេសជាច្រើនដូចជា កាណាដា អង់គ្លេស និងសិង្ហបុរី បានផ្អាកកម្មវិធីទិដ្ឋាការវិនិយោគស្រដៀងគ្នានេះ បន្ទាប់ពីបានរកឃើញថា គោលនយោបាយនេះមិនបានបង្កើតការងារដល់ប្រជាជនក្នុងស្រុក ហើយវាអាចជាមធ្យោបាយមួយដើម្បីលាងលុយកខ្វក់។
លោក Bhima Yudhistira នាយកប្រតិបត្តិមជ្ឈមណ្ឌលសេដ្ឋកិច្ច និងការសិក្សាច្បាប់ (Celios) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បានអះអាងថា “បណ្តាប្រទេសដែលបានលុបចោលគោលនយោបាយទិដ្ឋាការមាសបានដាក់ចេញវិធានការប្រឆាំងនឹងការលាងលុយកខ្វក់ដ៏តឹងរ៉ឹងជាងប្រទេសឥណ្ឌូនេស៊ីទៅទៀត”។
ជាក់ស្ដែង ដើមឡើយ កម្មវិធីទិដ្ឋាការមាសរបស់ប្រទេសព័រទុយហ្កាល់បានអនុញ្ញាតឱ្យជនបរទេសទទួលបានសិទ្ធិស្នាក់នៅតាមរយៈការទិញអចលនទ្រព្យ ដែលនាំឱ្យតម្លៃលក់ និងតម្លៃជួលអចលនទ្រព្យហក់ឡើងកប់ពពក។ ព័រទុយហ្កាល់បានធ្វើវិសោធនកម្មគោលនយោបាយរបស់ខ្លួនកាលពីដើមឆ្នាំនេះ ដោយលុបចោលលក្ខខណ្ឌវិនិយោគលើអចលនទ្រព្យដើម្បីទទួលបានការស្នាក់នៅ។
លោក Nailul Huda សេដ្ឋវិទូមួយរូបនៅមជ្ឈមណ្ឌល Celios បានលើកឡើងថា “ប្រសិនបើអ្នកកាន់ទិដ្ឋាការមាសអាចកាន់កាប់ដីបាននៅក្នុងប្រទេសឥណ្ឌូនេស៊ី នោះការណ៍នេះអាចជាការគំរាមកំហែងដល់ពលរដ្ឋឥណ្ឌូនេស៊ី។ កម្មសិទ្ធិដីធ្លីអាចផ្លាស់ប្តូរពីប្រជាជនឥណ្ឌូនេស៊ីទៅជាជនបរទេស ហើយវាអាចនាំឱ្យមានការតវ៉ាពីប្រជាជនក្នុងស្រុក”៕
ប្រភព: Vnexpress