តើដីធ្លីនៅក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដីធ្លីនៅក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានប្រែប្រួលយ៉ាងខ្លាំងនៅតាមសង្កាត់នីមួយៗរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលគិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅសម្រាប់តម្លៃដីជាមធ្យមក្នុងសង្កាត់ទាំងនោះ៖

ទី១: សង្កាត់ Manhattan

ដីនៅសង្កាត់ Manhattan មានតម្លៃជាមធ្យមប្រហែល១.៤០០ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ ឬប្រហែល១៥.០៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ Manhattan នៅតែជាសង្កាត់ដែលមានតម្លៃដីថ្លៃបំផុតក្នុងទីក្រុងញូវយ៉ក ដោយសារកត្តាទីតាំងសំខាន់ និងតម្រូវការខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២: សង្កាត់ Brooklyn

ដីនៅសង្កាត់ Brooklyn មានតម្លៃជាមធ្យមលើសពី១០០ដុល្លារក្នុងមួយហ្វីតការ៉េនៅក្នុងតំបន់ពេញនិយមដូចជា តំបន់ Williamsburg និងតំបន់ Downtown Brooklyn ឬប្រហែល១.០៧៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៣: សង្កាត់ Queens

ដីនៅសង្កាត់ Queens មានតម្លៃជាមធ្យមប្រហែល៥០ដុល្លារក្នុងមួយហ្វីតការ៉េ ឬប្រហែល៥៣៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីនៅសង្កាត់ Queens មានតម្លៃសមរម្យបើធៀបនឹងសង្កាត់ Manhattan និងសង្កាត់ Brooklyn។ ប៉ុន្តែ ដីនៅតំបន់មួយចំនួនក្នុងសង្កាត់ Queens ក៏មានតម្លៃលើសពី១០០ដុល្លារក្នុងមួយហ្វីតការ៉េផងដែរ។

ទី៤: សង្កាត់ Bronx

ដីនៅសង្កាត់ Bronx មានតម្លៃជាមធ្យមប្រហែល៥០ដុល្លារក្នុងមួយហ្វីតការ៉េ ឬប្រហែល៥៣៨ដុល្លារក្នុងមួយម៉ែត្រការ៉េដូចទៅនឹងសង្កាត់ Queens។ សង្កាត់ Bronx ផ្តល់ជូនជម្រើសដី ដែលមានតម្លៃសមរម្យ ដោយដីនៅតំបន់មួយចំនួនអាចតម្លៃមានលើសពី១០០ដុល្លារក្នុងមួយហ្វីតការ៉េ។

ទី៥: សង្កាត់ Staten Island

ដីនៅក្នុងសង្កាត់ Staten Island មានតម្លៃជាមធ្យមជិត៣០ដុល្លារក្នុងមួយហ្វីតការ៉េ ឬប្រហែល៣២៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សង្កាត់ Staten Island ជាសង្កាត់ដែលមានតម្លៃដីសមរម្យជាងគេបំផុត។

មូលហេតុសំខាន់ៗ ដែលនាំឱ្យដីនៅសង្កាត់ Manhattan មានតម្លៃថ្លៃជាងគេ ព្រោះសង្កាត់នេះជាតំបន់ស្នូលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវប្បធម៌នៃទីក្រុងញូវយ៉ក។ សង្កាត់ Manhattan ជាទីស្នាក់ការកណ្តាលរបស់ផ្សារហ៊ុនយក្សអាមេរិក Wall Street និងជាមូលដ្ឋានរបស់ក្រុមហ៊ុនសាជីវកម្មធំៗ អគារពាណិជ្ជកម្មប្រណីតៗ ផ្សារទំនើប និងជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។

ផ្ទុយទៅវិញ សង្កាត់ផ្សេងៗដូចជា សង្កាត់ Bronx សង្កាត់ Queens សង្កាត់ Staten Island និងសង្កាត់ Brooklyn មានដង់ស៊ីតេពាណិជ្ជកម្ម និងតម្រូវការនៃការអភិវឌ្ឍន៍គម្រោងប្រណីតៗតិចជាងសង្កាត់ Manhattan៕

LEAVE A REPLY

Please enter your comment!
Please enter your name here