ភាគីកូរ៉េស្នើសុំការសហការបន្ថែមពីទេសាភិបាលNBC

ដោយៈ ប្រក្សត្រ

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកបណ្ឌិត​ផាក ជុងវុក បានលើកសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារកម្ពុជា ដោ​យកត់សម្គាល់ពីការអភិវឌ្ឍ ប្រព័ន្ធទូទាត់សងប្រាក់ តាមរយៈការស្កេនឃ្យូអរកូត ព្រមទាំងបញ្ជាក់ពីអាទិភាព ក្នុងការជំរុញការវិនិយោគកូរ៉េ ឱ្យបានកាន់តែច្រើនថែមទៀត មកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា កូរ៉េ គឺជាវិនិយោគិនបរទេសលំដាប់ទីពីរនៅកម្ពុជា ដែលក្នុងនោះជាង៤០% នៃទុនសរុបរបស់កូរ៉េ ត្រូវបានវិនិយោគ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជា សាយប័រ ផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណ ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការល្អ ពីភាគីកូរ៉េនាពេលកន្លងមក ដូចជា ការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្ត នយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។

ជាងនេះទៀត លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) លើកិច្ចការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here