ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រតិបត្តិករកាស៊ីណូកម្ពុជា NagaCorp អះអាងថា ខ្លួននឹងខាតបង់ទឹកប្រាក់ជិត១០០លានដុល្លារ ដោយសារការជាប់គាំង គម្រោងសាងសង់កាស៊ីណូ នៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលមកពី សង្រ្គាមជាមួយអ៊ុយក្រែន។នេះបើយោងតាមប្រភពពីកាសែតជប៉ុន Nikkei Asia។
ប្រតិបត្តិករកាស៊ីណូ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានបញ្ជាក់ថា គម្រោងកាស៊ីណូរបស់ខ្លួន នៅទីក្រុង Vladivostok ក្នុងប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងខាតបង់តម្លៃទ្រព្យសកម្មចន្លោះ ពី៨៥លានដុល្លារ ទៅ៩៥លានដុល្លារអាមេរិក។
ការបញ្ចេញទិន្នន័យហិរញ្ញវត្ថុ របស់ក្រុមហ៊ុន NagaCorp មិនបានបញ្ជាក់លម្អិត អំពីអាជីវកម្មកាស៊ីណូរបស់ខ្លួន នៅកម្ពុជានោះទេ។ ប៉ុន្តែតួលេខបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន នឹងសម្រេចបានក្នុងទំហំទឹកប្រាក់ ប្រហែល៨៨លានដុល្លារ ប្រសិនបើមិនរាប់បញ្ចូលការខាតបង់នៅរុស្ស៊ី។
លោក Lam Yi Lin លេខាធិការក្រុមហ៊ុន NagaCorp Ltd. បានសង្កត់ធ្ងន់ នៅក្នុងឯកសារផ្ញើទៅកាន់ផ្សារហ៊ុន ក្រុងហុងកុងថា “ស្ថានភាពហិរញ្ញវត្ថុទាំងមូល របស់ក្រុមហ៊ុននេះ នៅតែមានសុខភាពល្អ”។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន NagaCorp ដែលបានចេញផ្សាយ កាលពីចុងខែមេសាបង្ហាញថា តម្លៃទ្រព្យសកម្មរបស់គម្រោងកាស៊ីណូ និងរមណីយដ្ឋាននៅទីក្រុងVladivostok មានទំហំទឹកប្រាក់ចំនួន១៥៣,៩៨លានដុល្លារគិតត្រឹមចុងឆ្នាំមុន។
ចំណែកការបោះទុនជាមុន(Prepayment) លើការសាងសង់ គម្រោងមានទំហំទឹកប្រាក់ ចំនួន១២៦,៩៨លានដុល្លារ។
គម្រោងនេះ បានជាប់គាំងចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងបន្តផ្អាកការអភិវឌ្ឍ ដោយគ្មានកាលកំណត់ជាក់លាក់ លុះត្រាតែកាលៈទេសៈ កាន់តែអាចមើលឃើញច្បាស់។
គោលដៅដើមរបស់ក្រុមហ៊ុន Nagacorp ដើម្បីទាញយកអត្ថប្រយោជន៍ ពីទីតាំងភូមិសាស្ត្រ ដ៏អំណោយផលរបស់ទីក្រុង Vladivostok ដោយសារតែតំបន់នេះ មានព្រំដែនជាប់ជាមួយប្រទេសចិន និងមានចម្ងាយជើងហោះហើរ តាមផ្លូវអាកាសខ្លីពីប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន៕
ប្រភព: Nikkei Asia