ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារបច្ចេកទេសជាមួយជំនាញការJICA ស្ដីពីគម្រោងស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជំនួបពិភាក្សានេះកាលពីព្រឹកថ្ងៃទី១៣ សីហាកន្លងមកនេះ មានគោលបំណងស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅច្រកទ្វារស្ទឹងបត់ ជំហាន១ និងជំហាន២។
លើសពីនេះក្រុមមន្រ្តីក៏បានរៀបចំការគ្រប់គ្រង និងសម្របសម្រួលលើការសិក្សាគម្រោង ច្រកផ្លាស់ប្ដូរទំនិញចេញ-ចូល និងសំភារៈបរិក្ខារសម្រាប់ត្រួតពិនិត្យទំនិញ ក្រោមក្របខណ្ឌហិរញ្ញប្បទានពីទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជិតខាងរបស់ថៃ (NEDA) ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជា ការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ។
លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនាញការជប៉ុន(JICA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អក្នុងការរួមចំណែកដល់ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតាមច្រកព្រំដែននៅកម្ពុជា ឱ្យរឹតតែប្រសើរ ឡើងថែមមួយកម្រិតទៀត៕