ក្រុមការងារអន្តរក្រសួងគាំទ្រការធ្វើសន្ឋានកម្មចែករំលែកព័ត៌មានទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង -ស្ថាប័ន គាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ ចែករំលែកទិន្នន័យទៅវិញទៅមក ជា​មួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។

កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧប​នា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង ប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួ​ង-ស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលជូនដល់វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង -ស្ថាប័នសាម៉ីក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាព ទិន្នន័យទាក់​ទងនឹងកិច្ចការវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់ថ្នាក់ដឹកនាំនៃតំណាងឱ្យក្រសួង -ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចំណា​យពេលវេលាចូលរួមប្រជុំពិភាក្សានាព្រឹកនេះ។

លោកបន្តថា ការចូលរួមរបស់អន្តរក្រសួង -ស្ថាប័នពាក់ព័ន្ធបានឆ្លុះបញ្ចាំង អំពីការចូលរួមយ៉ាងផុសផុល គាំ​ទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេ​សការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here