ស្រុកចំនួន២នៅខេត្តកំពង់ធំរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ

ដោយៈ គង់ ម៉ាលីនណា

កំពង់ធំៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក សង្គ្រោះផលស្រូវរបស់ប្រជាពល​រដ្ឋ នៅខេត្តកំពង់ធំ ដែលស្រុក២របស់ខេត្តបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។

លោកឌិត ទីណា កាលពីថ្ងៃទី៥ សីហា និងក្រុមមន្រ្តី បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងដំណើរបេសកកម្មនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាល ជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីបងប្អូនបានចំណា​យថវិកាយ៉ាងច្រើន ដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួ​យអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ ឱ្យបានជាអតិបរិមា តាមដែលអាចធ្វើទៅបាន។

ជាការកត់សម្គាល់​ ក្នុងដំណើរបេសកកម្មនេះ​ លោករដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានពិនិត្យលទ្ធភាព ដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករ បានពេលជួបហានិភ័យ ដោយសារគ្រោះធម្មជាតិ និងចូលរួមសហការ ជាមួយអាជ្ញាធរ​គ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ​ដើម្បីប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ​។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករ កំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាត បាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ​ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។

​នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេ គឺប៉ះពាល់ដំណាំស្រូវចំនួន ២០៤៥​ហិកតា និងខូចខា​ត​ចំនួន១៦២១​ ហិកតា ខណៈក្រុងស្ទឹងសែន រងផល​ប៉ះពាល់ចំនួន​៦៧០ហិកតា និងខូចខាតចំនួន៩១ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here