តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ​តម្លៃប្រេងបានកើនឡើងជាង១ដុល្លារនៅថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ាអាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ទោះបីជាការភ័យខ្លាចជុំវិញវិបត្តិសេដ្ឋកិច្ច អាចធ្វើឱ្យតម្រូវការប្រេងនៅសហរដ្ឋអាមេរិកដាំក្បាលចុះយ៉ាងណាក្តី។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១,២៥ដុល្លារ ដល់៧៧,៥៥ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោងសកល 0037 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង១,៣៥ដុល្លារដល់៧៤,២៩ដុល្លារក្នុងមួយបារ៉ែល។

បច្ចុប្បន្ន ទីផ្សារនៅតែបន្តមើលឃើញ
ឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃវិញដល់១០២,៨៨ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានដាំក្បាលចុះក្នុងពេលបិទការជួញដូរត្រឹម១០២,៦៩ពិន្ទុកាលពីម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានដាំក្បាលចុះយ៉ាងគំហុកកាលពីថ្ងៃច័ន្ទម្សិលមិញ ជុំវិញភាពមិនច្បាស់លាស់ក្នុងទីផ្សារ ដោយសារក្រុមអ្នកវិនិយោគសម្រុកលក់ភាគហ៊ុនចេញ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន១,២៨ភាគរយ គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

ទន្ទឹមនឹងនេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ៩,៤០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,០៨៨ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,២០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៤ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៣០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ៣,២៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here