សម្តេចធិបតីបញ្ជាក់ពីការគិតគួរផ្តល់ហិរញ្ញប្បទានដល់ សហគ្រិនស្រ្តី

       ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត បាន​បញ្ជាក់​ឡើង​វិញ​​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​បន្ត​ផ្ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ​សម្រាប់​សហគ្រិន​ស្ត្រី។

សម្តេចបាន​កត់សម្គាល់​ថា សហគ្រិន​ស្ត្រី​នៅ​ជួប​ប្រទះ ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​កម្រិត​ នៃ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផង​ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ សម្រាប់​ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ប្ដេជ្ញា​ចិត្ត​ពេញលេញ​ ក្នុង​ការ​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​នេះ ហើយ​ថា កម្ពុជា ​តែង​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​គ្រប់រូប ផ្ដល់​ការ​គោរព និង​ផ្ដល់​អំណាច​ដល់​ពួកគេ​ ដើម្បី​សម្រេច​បាន​សក្ដានុពល​ពេញលេញ។

នាយករដ្ឋមន្ត្រី​កត់​សម្គាល់​ថា “មាន​ស្ត្រី​វ័យក្មេង​ក្លាហាន​ប្រកប​ដោយ​មហិច្ឆតា​ខ្ពស់ ដែល​មាន​ទំនុក​ចិត្ត​ថា ពួកគេ​អាច​ទទួល​បាន​ការ​គាំទ្រ និង​ធនធាន​ចាំបាច់​ ដើម្បី​ប្រែក្លាយ​សុបិន​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​ការ​ពិត”។ សម្តេចបន្ត​ថា “នេះ​ជា​គំរូ​ដ៏​ភ្លឺស្វាង​នៃ​សមភាព​យេនឌ័រ និង​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​អាស៊ាន​ទាំងមូល”។

ក្នុង​ពិធី​បើក “វេទិកា​សហគ្រិន​ឆ្នើម និង​ពានរង្វាន់​បណ្ដាញ​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន (AWEN) ឆ្នាំ​២០២៤” នាថ្ងៃទី១ សីហា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន ម៉ាណែត ថ្លែង​ជា​ភាសា​អង់គ្លេស​តាម​រយៈ​ការ​បកប្រែ​ថា “ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះ រាជ​រដ្ឋាភិបាល ​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ ​នឹង​បន្ត​វិនិយោគ​លើ… និង​ផ្ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ និង​ការ​បង្ហាត់​បង្រៀន ព្រមទាំង​ជម្នះ​គ្រប់​ឧបសគ្គ”។

សម្តេច​ថ្លែង​ថា រដ្ឋាភិបាល​អាស៊ាន រួម​ទាំង​កម្ពុជា​ទទួលស្គាល់​បញ្ហា​ប្រឈម​សហគ្រិន​ស្ត្រី និង​យល់​អំពី​តួនាទី​សំខាន់​របស់​ស្ត្រី​ ក្នុង​ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ និង​កំណើន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន ​និង​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​នេះ។

ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី អេង លីគង់ ​ប្រធាន​បណ្ដាញ​ AWEN និង​ CamWEN ជំរុញ​ដល់​ស្ត្រី​ចែករំលែក​ក្ដី​សុបិន ការ​បណ្ដុះ​គំនិត និង​ចំណេះដឹង ព្រមទាំង​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​ដើម្បី​ធានា​ថា ស្ត្រី​គ្រប់រូប​ត្រូវ​បាន​គាំពារ។

លោកស្រី​ថ្លែង ​ជា​ភាសា​អង់គ្លេស​ តាម​រយៈ​ការ​បកប្រែ​ថា”ផ្លូវ​ដែល​យើង​ដើរ​ទៅមុខ ​គឺ​វា​មិន​ងាយស្រួល​នោះ​ទេ។ វា​តែងតែ​មាន​បញ្ហា និង​ឧបសគ្គ​ផ្សេងៗ​ទៀត”។ លោកស្រីបន្តថា “នេះ​ជា​ពេល​វេលា​ ដែល​យើង​ត្រូវ​រួបរួម​គ្នា​ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ក៏​ដូចជា​ទទួល​បាន​នូវ​សក្ដានុពល​ផ្សេងៗ​ទៀត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here