ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមរណភាពរបស់មេដឹកនាំក្រុមហាម៉ាស់ក្នុងទឹកដីអុីរ៉ង់បានបង្កើនហានិភ័យនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាឱ្យរាលដាលកាន់តែធំ គួបផ្សំនឹងការបង្ហាញសញ្ញានៃកំណើនតម្រូវការប្រេងនៅសហរដ្ឋអាមេរិក។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៦៧សេនដល់៨១,៥១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0007 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៦៩សេនដល់៧៨,៦០ដុល្លារក្នុងមួយបារ៉ែល។
ម្យា៉ងវិញទៀត មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានី Tehran របស់ប្រទេសអុីរ៉ង់កាលពីព្រឹកថ្ងៃពុធ ដែលអាចនាំឱ្យមានការវាយប្រហារសងសឹកទៅលើអុីស្រាអែល និងបានបង្កឱ្យមានការព្រួយបារម្ភបន្ថែមទៀតថា ជម្លោះនៅតំបន់ហ្គាហ្សាកំពុងរាលដាលទៅជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែធំ។
ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចចិត្តរក្សាទុកអត្រាការប្រាក់គោលឱ្យនៅថេរដដែលនៅចុងបញ្ចប់នៃកិច្ចប្រជុំគោលនយោបាយប្រចាំខែកក្កដាកាលពីថ្ងៃពុធម្សិលមិញ ខណៈក្រុមអ្នកវិនិយោគបង្ហាញក្តីសង្ឃឹមថា ធនាគារ Fed នឹងបញ្ចុះអត្រាការប្រាក់នៅខែកញ្ញាខាងមុខ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៣,៩៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,១០ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗដូចជាក្រុមហ៊ុន Meta របស់បណ្តាញសង្គមហ្វេសប៊ុក និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានស្ទុះងើបឡើងថ្លៃ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៥៩ភាគរយ គិតត្រឹមម៉ោង១០:៣៤នាទីព្រឹក។
ផ្ទុយទៅវិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៥៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,៣៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានធ្លាក់ថ្លៃចុះ០,២២ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៥ភាគរយ៕