ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងវិញនៅថ្ងៃពុធនេះ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយបានកើនឡើងកំដៅ បន្ទាប់ពីរដ្ឋាភិបាលអុីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុម Hezbollah តាមរយៈការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុង Beirut។
តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៣៩សេនដល់៧៩,០២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0020 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediatefutures បានកើនឡើង៥២សេនដល់៧៥,២៥ដុល្លារក្នុងមួយបារ៉ែល។
ក្រុមអ្នកវិនិយោគកំពុងរង់ចាំសេចក្តីប្រកាសរបស់ធនាគារកណ្តាលអាមេរិកនៅចុងកិច្ចប្រជុំនៅថ្ងៃពុធនេះ ដោយក្នុងនោះ ទីផ្សាររំពឹងថា ធនាគារ Fed នឹងរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែល ស្របពេលដែលការកាត់បន្ថយអត្រាការប្រាក់អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,៣៨ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៥៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃការសម្រេចចិត្តរបស់ធនាគារកណ្តាលជប៉ុន (BOJ)លើការកំណត់ទិសដៅគោលនយោបាយរូបិយវត្ថុនៅចុងបញ្ចប់នៃកិច្ចប្រជុំនាថ្ងៃពុធនេះ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៨៧ភាគរយ គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក។
ផ្ទុយទៅវិញ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ២,០៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានងើបឡើងថ្លៃ១,៩៩ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ១,៧៩ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ១,២០ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤៣ភាគរយ៕