ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកPatricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជាបានបង្ហាញជំហរពង្រីកិកច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀត។
ក្នុងឱកាសចូលជួបពិភាក្សាការងារ និងសម្តែងការគួតរសមជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត លោកPatricio Fernando Powell Osorio បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័សនៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតបានប្ដេជ្ញា ខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរលោក Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។
សម្តេចបន្តថា ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំនើរការនៃការរៀបចំ ការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។
សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិផងដែរ។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពល សម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕