ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងនៅថ្ងៃច័ន្ទនេះ ស្របពេលមានការភ័យខ្លាចអំពីជម្លោះកាន់តែក្តៅនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីក្រុមប្រដាប់អាវុធលីបង់ Hezbollah បានវាយប្រហារដោយគ្រាប់រ៉ុក្កែតមកលើតំបន់ Golan Heights ដែលកាន់កាប់ដោយប្រទេសអុីស្រាអែល។
តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេនដល់៨១,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0010 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៩សេនដល់៧៧,២៥ដុល្លារក្នុងមួយបារ៉ែល។
យោងតាមការិយាល័យវិភាគសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍ថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE)របស់សហរដ្ឋអាមេរិកបានកើនឡើងដូចការរំពឹងទុកក្នុងរង្វង់០,១%នៅខែមិថុនា បន្ទាប់ពីបានស្ថិតនៅទ្រឹងកាលពីខែឧសភា។
នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះដល់១០៤,២៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៣២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិកគ្រោងនឹងបង្ហើបអំពីផែនការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅសប្តាហ៍នេះ។
តាមរយៈការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃប្រមាណ០,៩០ភាគរយ គិតត្រឹមម៉ោង១០:២៩នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៩៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ១,៧០ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite បានងើបឡើងថ្លៃ០,០៤៤ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៧៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១៥ភាគរយ៕